ករណីបុរសជនជាតិខ្មែរ ប្រើសម្ដី និងកាយវិការមិនសមរម្យលើជនបរទេស នៅរបងវត្តឧណ្ណាឡោម សមត្ថកិច្ចកំពុងស្រាវជ្រាវ, បុគ្គលនោះជាអនាថាគ្មានកន្លែងស្នាក់នៅច្បាស់លាស់

19-04-2026 20:34

(ភ្នំពេញ)៖ ករណីបុរសជនជាតិខ្មែរ ប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យលើជនបរទេស នៅរបងវត្តឧណ្ណាឡោម ខណ្ឌដូនពេញនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកបុគ្គលនោះមកសួរនាំអំពីអ្វីដែលបានកើតឡើង។

ក្រោយបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំស្រាវជ្រាវ និងសួរនាំអ្នកលក់ដូរ រត់កង់បី នៅម្ដុំកន្លែងកើតហេតុអំពីរឿងរ៉ាវ និងអត្តសញ្ញាណបុគ្គលមនោះ។

ក្រោយការបំភ្លឺរបស់អ្នករត់កង់បី និងអ្នកលក់ដូរក្បែររបងវត្ត បានប្រាប់ថា ហេតុការណ៍មួយនេះ បានកើតកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ។ ពួកគាត់បានឲ្យដឹងទៀតថា បុរសដែលចង់ប្រើហិង្សាលើភ្ញៀវទេសចរបរទេស ជាជនអនាថាដើរដេកតាមវត្ត និងទីសាធារណៈ។

នៅថ្ងៃដដែលនោះ មានសប្បុរសជន យកអំណោយទៅចែកជូនតាៗពូៗធ្លាក់ស៊ីក្លូ និងអ្នករត់ផាស់អាប់ ហើយបុរសអនាថាក៏ចូលរួមសុំអំណោយផងដែរ។ ទោះនៅថ្ងៃនេះ នគរបាលរកមិនឃើញ តែនគរបាលនឹងធ្វើការស្រាវជ្រាវបន្តស្វែងរកគាត់ ដើម្បីយកមកអប់រំ និងណែនាំ ចំពោះពាក្យសំដី និងកាយវិការមិនសមរម្យលើភ្ញៀវទេសចរទាំងឡាយ៕