ផ្តើមពីរាយការណ៍រឿងគ្រឿងញៀន ក្លាយទៅជាគេចោទចេះអំពើរអាបធ្មប់ និងប៉ុនប៉ងធ្វើមនុស្សឃាត តែអាជ្ញាធរមិនអើពើ, គ្រួសាររងគ្រោះ ដង្ហោយសុំមេធាវីសម្តេចតេជោជួយស្វែងរកយុត្តិធម៌

20-04-2026 09:34

(កំពង់ស្ពឺ)៖ ករណីលួចបំពុលឆ្កែងាប់ជាច្រើនក្បាល គប់ដំថ្មដាក់ដំបូលផ្ទះ គប់លាមួកចូលផ្ទះ លួចបិតប៉ារ៉ែតភ្លើង បង្កហិង្សា និងប៉ុនប៉ងមនុស្សឃាត បានកើតឡើងនៅក្នុងគ្រួសារលោក ហុក ខេម៉ា រស់នៅភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ទង្វើទាំងនេះ បានបង្កការភ័យខ្លាចជាខ្លាំងសម្រាប់ក្រុមគ្រួសារលោក ហុក ខេម៉ា ហើយក៏ជាទង្វើផ្ទុយនឹងច្បាប់របស់កម្ពុជាផងដែរ។

លោក ហុក ខេម៉ា បានលើកឡើងថា ក្រុមគ្រួសាររបស់លោកមានរឿងក្តីជាបន្តបន្ទាប់ដោយផ្តើមចេញពីដំបូង លោកបានប្តឹងទៅកាន់សមត្ថកិច្ចអំពីករណីមានការប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងពីសំណាក់អ្នកភូមិ របស់លោក ប៉ុន្តែក្រោយពីបានប្តឹងដោយគ្មានការបង្ក្រាបមក ក្រុមបក្ខពួកដែលរស់ក្នុងភូមិម្នាក់ គេផ្តើមចោទប្រកាន់គ្រួសារចេះអំពើរអាប-ធ្មប់ ថែមទាំងបានបង្កហិង្សាមកលើរូបគាត់ព្រមទាំងកូនៗ ដែលកំពុងនៅរៀនថែមទៀត។

លោក ហុក ខេម៉ា បានរៀបរាប់បន្ថែមថា តាំងពីពេលនោះមកមានរឿងរ៉ាវជាច្រើនដែលលោករងភាពអយុត្តិធម៌យ៉ាងខ្លាំង នោះគឺបក្ខពួកគ្រួសារមួយនៅក្នុងភូមិជាមួយគ្នា បានប៉ុនប៉ងកាប់សម្លាប់រូបលោកនៅមុខផ្ទះដោយផ្ទាល់ តែបន្ទាប់ពីលោកបានប្តឹង ស្រាប់តែសមត្ថកិច្ចយករូបលោកទៅឃុំខ្លួនទៅវិញ ដោយអំពើអយុត្តិធម៌ លោកបានដាក់ពាក្យប្តឹងបន្ទាប់ តែមិនទទួលបានយុត្តិធម៌ឡើយ។

លោក ខេម៉ា បានបញ្ជាក់ថា បន្តបន្ទាប់រហូតមកដល់ពេលនេះ គ្រួសារលោកត្រូវបក្ខពួកខាងលើ ធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងលើក្រុមគ្រួសារលោកដូចជា ករណី បិទប៉ារ៉ែតភ្លើង លួចចូលមកបំពុលសត្វឆ្កែងាប់ជាច្រើនក្បាល ធ្វើសកម្មភាព យកថង់លាមកគប់ចូលផ្ទះ ថែមទាំងប៉ុងប៉ងប្រើហិង្សាលើកូនប្រពន្ធគាត់ថែមទៀត។

លោកក៏បានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ មេឃុំម្តងជាពីរដងកន្លងមក តែគ្មានដំណោះទាល់តែសោះ សូម្បីតែរឿងក្តីប៉ងធ្វើឃាតរូបលោកក៏ទទួលបានភាពអយុត្តិធម៌ផងដែរ។

ក្រុមគ្រួសារលោក ហុក ខេម៉ា បានស្នើសុំមេធាវីរបស់សម្តេចតេជោ ឱ្យជួយស្វះស្វែងរកយុត្តិធម៌ដល់គ្រួសារគាត់ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ និងដំណោះស្រាយសន្តិសុខចំពោះគ្រួសារ របស់គាត់ ដែលត្រូវបានគេប្រមាថសព្វបែបយ៉ាងមកលើដោយគ្មានដំណោះស្រាយសោះ ទោះបីរូបគាត់ដាក់ពាក្យបណ្តឹងហើយក៏ដោយ៕