ស្នងការនគរបាលខេត្តសៀមរាប ចាត់កម្លាំងចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី
20-04-2026 13:06
(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងចូលរួមសហការណ៍ជាមួយសាលាក្រុងសៀមរាប ចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការបាញ់ទឹកសម្អាតនេះ ក្នុងគោលបំណងកាត់បន្ថយធូលីដី និងការការពារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារផ្លូវរអិល ក៏ដូចជាការចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើតបរិយាកាសស្រស់ស្អាត សម្រាប់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។
សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះសំរាមចោលអនាធិបតេយ្យ និងគោរពតាមបទបញ្ជារបស់អាជ្ញាធរ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឲ្យបានល្អប្រសើរឡើងជាបន្តបន្ទាប់៕














































