អភិបាលខេត្តកំពង់ចាម នាំយករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃនៅវត្តជំនីក ស្រុកកោះសូទិន ដែលវត្តរងគ្រោះដោយអគ្គិភ័យ

20-04-2026 14:58

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលវត្តបានរងគ្រោះដោយអគ្គីភ័យឆាប់ឆេះ។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើឱ្យកុដិថ្ម និងឈើរប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និងឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ រួមមាន៖ អង្ករ ២០០គីឡូក្រាម ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៉ី ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕