* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ (Video inside)

20-04-2026 15:08

(ភ្នំពេញ)៖ កម្ពុជា និងកាណាដា បានប្រកាសប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង​រវាង​គ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណា​ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតកាណាដា បានវាយតម្លៃខ្ពស់ចំពោះចំណង​ការទូត​ដ៏យូរអង្វែង​រវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់​ទំនង រវាងប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុង​វិស័យ​​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការ​ប្ដេជ្ញា​ចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ខណៈដែលគណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់វិញ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរ​គុណកម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អា​ស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​អាស៊ាន-កា​ណា​ដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

សម្ដេចមហាបវរធិបតី បានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិ​ការ​ទូត​របស់លោក, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កាណាដា ដែលបាន​ចូល​រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារ និងអភិវឌ្ឍ​សង្គម​-សេដ្ឋ​កិច្ចនៅកម្ពុជា។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់​ទំនងរវាង​ប្រទេស​ទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំង​បានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយ​ជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និង​សេដ្ឋ​កិច្ច។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា​បាន​ណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីក​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពា​ណិជ្ជ​កម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្ដេចមហាបវរធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋ​កិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕