ជនជាតិវៀតណាម៦នាក់ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើហិង្សា រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

20-04-2026 15:19

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនជនជាតិវៀតណាមចំនួន៦នាក់ ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីបង្ក្រាបបានក្នុងករណី ប្រើប្រាស់អំពើហិង្សា ការរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្តីពីករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១៦៖៣៥នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង ១៤៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦នាក់ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនជាតិវៀតណាមទាំង៦នាក់នេះរួមមាន៖

ទី១៖ ឈ្មោះ វង ទុងកេក (NGUYEN TUANKIET) ភេទប្រុស អាយុ២៦ឆ្នាំ
ទី២៖ ឈ្មោះ វែង ថឹងបិន (VENG TEINGBEN) ភេទប្រុស អាយុ២២ឆ្នាំ
ទី៣៖ ឈ្មោះ ឡេ យ៉ាំងវ៉ឹក ភេទប្រុស អាយុ២៤ឆ្នាំ
ទី៤៖ ឈ្មោះ ជឿង ខាន់តុង (TRUONG THANH TUNG) ហៅហ្វី ភេទប្រុស អាយុ២៣ឆ្នាំ
ទី៥៖ ឈ្មោះ វែង តឹងតាយ ភេទប្រុស អាយុ២៥ឆ្នាំ
ទី៦៖ ឈ្មោះ ប៊ូយ វ៉ឹកខាន់ ភេទប្រុស អាយុ២៣ឆ្នាំ។

នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមានកាំបិតបត់ ប្រវែង២១សង់ទីម៉ែត្រ ចំនួន០១ដើម, ម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុផ្សំ ចំនួន ៧៥កញ្ចប់, ថ្នាំគ្រាប់ពណ៍បៃតង JNW ចំនួន០១បន្ទះ ស្មើនឹង ០៩គ្រាប់, បំពង់វែបចម្រុះចំនួន ៥៦៤គ្រឿង, ក្បាលបំពង់វែប ចំនួន១៣ថង់ធំ, ម្សៅសប្បាយរូបសេះ ចំនួន ៥៨កញ្ចប់, ទឹកថ្នាំពណ៌លឿង ចំនួន ០៣បន្ទះ, ជញ្ចីងថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ម៉ាស៊ីនគៀបថង់សម្រាប់វេចខ្ចប់ ចំនួន០២គ្រឿង, ថង់វេចខ្ចប់មួយចំនួនធំ រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រេីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ទៅលេីជនរងគ្រោះពិតប្រាកដមែន ព្រមទាំងបានរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំ០៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕