ឪពុកម្តាយសពជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជ័យសែន ខេត្តព្រះវិហារ ចេញលិខិតបញ្ជាក់មិនប្តឹងផ្តល់ក្មេងស្រីជាក្មួយបង្កើត ដែលឌុបកូនប្រុសគាត់បណ្តាលឱ្យជួបគ្រោះថ្នាក់រហូតស្លាប់

20-04-2026 15:44

(ព្រះវិហារ)៖ លោក ឌី ផន អាយុ៤២ឆ្នាំ និងភរិយាឈ្មោះ ឃុន ណេន អាយុ៣៨ឆ្នាំ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវជាឪពុកម្តាយសពឈ្មោះ ផន ផា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បានចេញសេចក្តីបញ្ជាក់មិនប្តឹងផ្តល់ទៅលើឈ្មោះ លេ សុខេត ភេទស្រី អាយុ២២ឆ្នាំ ដែលជាអ្នកបើកម៉ូតូឌុបកូនរបស់គាត់បណ្តាលឱ្យមានគ្រោះថ្នាក់រហូតស្លាប់នោះទេ។

ការចេញមកបញ្ជាក់មិនប្តឹងផ្តល់របស់ឪពុកម្តាយសព ទៅលើនារីដែលឌុបកូនរបស់គាត់បណ្តាលឱ្យជួបគ្រោះថ្នាក់រហូតស្លាប់នេះ គឺបន្ទាប់ពីសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយតំណាងអយ្យការបានសម្រេចចោទប្រកាន់នារីឈ្មោះ លេ សុខេត ដែលជាអ្នកបើកបរម៉ូតូឌុបជនរងគ្រោះពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដ៏ទៃ» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់បានសុំនារីរងគ្រោះ ជិះម៉ូតូមកផ្ទះជាមួយ (ជាបងប្អូនជីដូនមួយបង្កើតនឹងគ្នា) លុះមកដល់ជិតផ្ទះដោយសារការបើកបរលឿន និងផ្លូវមានជង្ហុកទៀតនោះ បានធ្វើឱ្យនារីជាអ្នកបើកបរម៉ូតូមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏បានធ្វើឱ្យម៉ូតដួល បណ្តាលឱ្យនារីជាអ្នកបើកបររងរបួសស្រាល និងជនរងគ្រោះរួមដំណើររងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅបណ្ឌលសុខភាព។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជាមួយនឹងការចេញសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះវិហារ អ្នកលេងតាមបណ្តាញសង្គម ពិសេសអ្នករស់នៅខេត្តព្រះវិហារតែម្តង បានចែកចាយព្រោង ព្រាត ដោយភ្ជាប់នឹងខ្លឹមសារថា «សុំទោសបងប្អូន ចាប់ពីថ្ងៃនេះតទៅ ខ្ញុំឈប់ឱ្យបងប្អូនជិះដោយសារខ្ញុំទៀតហើយ» រួមទាំងខ្លឹមសារផ្សេងៗទៀត ដែលខ្លឹមសារនេះអ្នកលេងហ្វេកប៊ុក គឺចង់សំដៅដល់ការជួយយកអាសាគេ ប៉ុន្តែបែរជាមានរឿងខ្លួនឯងទៅវិញ។

ជុំវិញការចេញលិខិតបញ្ជាក់មិនប្តឹងផ្តល់របស់ឪពុកម្តាយសពជនរងគ្រោះ ទៅលើក្មេងស្រីជាអ្នកឌុប ជាក្មួយបង្កើតទៀតនេះ គេជឿជាក់ថា ស្ថាប័នតុលាការខេត្តព្រះវិហារ នឹងធ្វើការពិចារណាបន្ធូបន្ថយនឹងលើកលែងការចោទប្រកាន់ ទៅលើក្មេងស្រីជាអ្នកឌុប ដែលត្រូវជាបងប្អូនជីដូនមួយបង្កើតរបស់សពក្មេងប្រុសដែលរួមដំណើរ៕