មន្រ្តីឧទ្យានុរក្ស សហការជាមួយអ្នកសារព័ត៌មាន ចុះល្បាតរកឃើញករណីលួចកាប់ឈើច្រៀកក្តារ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តស្ទឹងត្រែង
20-04-2026 16:10
(ស្ទឹងត្រែង)៖ ក្រោយពេលមានសេចក្តីរាយការណ៍ថា មានករណីកាប់ឈើក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយអ្នកសារព័ត៌មាន ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានរកឃើញករណីកាប់ឈើច្រៀកក្តារប្រមាណជាង ១,២ម៉ែត្រគូប ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ចំពោះករណីនេះ សមត្ថកិច្ចនឹងបន្តនីតិវិធីអនុវត្តច្បាប់ ចំពោះជនល្មើសដែលបានលួចកាប់ឈើ ក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ចំពោះបុគ្គល ឬអ្នកពាក់ព័ន្ធ ដែលលប្រព្រឹត្តបទល្មើសកាប់ឈើ ឬទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ខណៈពេលនេះ ជនល្មើសជាច្រើនត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារជាបន្តបន្ទាប់៕







