សមិទ្ធផលជាតិនៅតែបន្តអភិវឌ្ឍ! ផ្លូវជាតិលេខ២៣ ភ្ជាប់ពីស្រុកកោះធំដល់ស្រុកលើកដែក នឹងសម្ពោធបើកឱ្យប្រើប្រាស់ នាពេលឆាប់ៗនេះ
20-04-2026 16:31
(កណ្តាល)៖ លោក ផែង សុវិជ្ជនោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២៣ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។
ពិធីសម្ពោធផ្លូវជាតិខាងលើនឹងប្រព្រឹត្តទៅនាពេលខាងមុខនៅចំនុចគល់ស្ពានកោះធំ ត្រើយខាងកើតស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះត្រូវស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។
កំណាត់ផ្លូវជាតិលេខ២៣នេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ៕





















