ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នឹងមានការវេរទិឃាយុវឌ្ឍនភត្ត ប្រគេនព្រះសង្ឃ ៥០០អង្គ

21-04-2026 09:15

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០២ ព្រះវស្សា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការវេរទិឃាយុវឌ្ឍនភត្តប្រគេនព្រះសង្ឃ ចំនួន ៥០០អង្គ (ប្រគេនចង្ហាន់ដល់ព្រះសង្ឃ)។ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត កំពុងត្រូវត្រៀមដំណើរការយ៉ាងល្អ។

ជាក់ស្តែង លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួន ថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដោយមានការនិមន្តពីសំណាក់ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ។ ក្នុងនោះ ក៏មានការអញ្ជើញរបស់លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី និងមន្ត្រីរាជការក្រសួងស្ថាប័នពាក់ព័ន្ធ កិច្ចប្រជុំនេះ នៅទីស្តីការក្រសួងធម្មការនិងសាសនា។

សេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ក៏បានបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំ ព្រះសង្ឃ គណ គណៈកម្មការ អាចារ្យ សិស្ស និស្សិត ដែលជាសិស្សគណ ទាំងបព្វជិត និងគ្រហស្ថ ក្នុងនិងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០២ ព្រះវស្សា ដោយសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រីនៃព្រះរាព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការឆ្លើយតបចំពោះ គុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ»

អ្នកផ្តើមបុណ្យ គឺគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះមេគណរាជធានី ខេត្ត ព្រះសង្ឃសិស្សគណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សប្បុរសប្រុសស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន៕