UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅវត្តភ្នំ ចំនួន១១នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងចំណោមមនុស្សផ្សេងទៀត
21-04-2026 10:23
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួនចំនួន១១នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង១១នាក់ដែលត្រូវបានចាប់ខ្លួននេះ មានទាំងអ្នកកាច់ផ្លាកលេខ, អ្នកកាន់ផ្លែដូងគប់ និងអ្នកកាន់ការ៉ូឡាគប់ឡាន។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុសដែលសង្គម និងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ ព្រោះគ្រួសារមានវិន័យ ប្រទេសមានច្បាប់ គឺច្បាប់មិនអាចទុកឲ្យជនមួយក្ដាប់តូចបង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ៕









