សេដ្ឋីល្បីឈ្មោះក្នុងមុខជំនួញជនជាតិជប៉ុន នឹងធ្វើការចែករំលែកចំណេះដឹងពាក់ព័ន្ធការដឹកនាំខ្លួនឯង និងដឹកនាំក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ

21-04-2026 10:52

(ភ្នំពេញ)៖ ជាឱកាសល្អសម្រាប់យុវជន មន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន ឬអ្នកដែលបើកក្រុមហ៊ុននាពេលឆាប់ៗនេះ អាចចូលរួមស្តាប់ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការដឹកនាំខ្លួនឯង និងដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ ដែលមានការចែករំលែកដោយផ្ទាល់ពីបុគ្គលល្បីឈ្មោះ ក្នុងមុខជំនួញ ២រូប ទាំងជនជាតិខ្មែរ និងជនជាតិជប៉ុន នៅរមណីយដ្ឋានធម្មជាតិ ភូមិរំដួល។

សិក្ខាសាលាចែករំលែកចំណេះដឹងលើប្រធានបទ «ស្ថាប័ន ឬក្រុមហ៊ុនដែលជោគជ័យ» នឹងរៀបចំឡើងនារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ខាងមុខ ក្រោមវត្តមានវាគ្មិនជាបុគ្គលល្បីឈ្មោះក្នុងមុខជំនួញ ២រូប រួមមាន៖ លោក OKUBO Hideo ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Forval Corporation ស្ថាបនិក និងជាប្រធាននៃមូលនិធិ CIESF និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថានិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារ៉ាវី ស្ថាបនិកវិទ្យុផ្កាឈូក និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI)។

គួបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងសិក្ខាចែករំលែកចំណេះដឹងលើប្រធានបទ៖ «ស្ថាប័ន ឬក្រុមហ៊ុនដែលជោគជ័យ» បានរៀបចំ២ដង ក្នុងមួយឆ្នាំ នៅរមណីយដ្ឋានធម្មជាតិភូមិរំដួល ដោយមានការចែករំលែក ដោយផ្ទាល់ពីលោក OKUBO Hideo ដែលលោកក៏ជាមហាសេដ្ឋីល្បីឈ្មោះនៅប្រទេសជប៉ុន ហើយលោកក៏បានជួយលើការងារលើវិស័យអប់រំនៅកម្ពុជាផងដែរ និងទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ដើម្បីចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងលើប្រធានបទ៖ «ស្ថាប័ន ឬក្រុមហ៊ុនដែលជោគជ័យ» អាចចុះឈ្មោះបានតាមរយៈ លោក ចាន់ គង្គា 092 854 000 និងលោក ទេព ភារម្យ 010 270 572 ៕