ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ រៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
21-04-2026 11:16
(សៀងហៃ)៖ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ នាថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីពីសំណាក់ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ងួន វិសុទ្ធ អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ និងមានការចូលរួមសំណាក់វិនិយោគិនចិន និងនិស្សិតខ្មែរ-ចិនប្រមាណ ២០០នាក់។
កម្មវិធីនេះរៀបចំឡើងក្រោមការសម្របសម្រួលដោយលោកស្រី ហេង គីមអេង ប្រធានក្រុមការងារសមាគមនិស្សិតប្រចាំទីក្រុងសៀងហៃ, លោក ហោ តារា អនុប្រធានក្រុមការងារសមាគមនិស្សិតទីក្រុងសៀងហៃ, កញ្ញា ទូច កាន្តរីកា អនុប្រធានក្រុមការងារសមាគមនិស្សិតទីក្រុងសៀងហៃ និង លោក ថុង ហុងហេង ទីប្រឹក្សាសមាគមន៍និស្សិត។
លោកស្រី ហេង គីមអេង បានឱ្យដឹងថា បុណ្យចូលឆ្នាំថ្មី មិនត្រឹមតែជាពេលវេលានៃការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យើងម្នាក់ៗ ក្នុងការរំឮកនូវភាពជោគជ័យកន្លងមក និងដាក់ចេញនូវគោលដៅថ្មីៗសម្រាប់អនាគត។ ទោះបីជាយើងកំពុងរស់នៅឆ្ងាយពីមាតុភូមិ ប៉ុន្តែការជួបជុំបែបនេះ បានអនុញ្ញាតឱ្យយើងរួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យកាន់តែរុងរឿង និងចែករំលែកភាពស្រស់ស្អាត នៃប្រពៃណីយើងទៅកាន់មិត្តភក្តិអន្តរជាតិ។ ជាពិសេស «ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» ដែលជាគ្រឹះនៃការបើកទ្វារ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ទាំងក្នុងវិស័យអប់រំ ពាណិជ្ជកម្ម និងវប្បធម៌។
សូមជម្រាបថា ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រៀបចំឡើងក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕



























