សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធពិធីអបអរសារទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

21-04-2026 11:38

(ទីក្រុងគុនមីង)៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងគ្រឹស្តសករាជ២០២៦នោះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងគុនមិញ ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន បានសាមគ្គីគ្នាប្រារព្ធកម្មវិធីនគរសង្គ្រាន្ត កាលពីថ្ងៃសៅរ៍១៨ ខែមេសាឆ្នាំ២០២៦ បន្ទាប់ពីសម្រាកពីការសិក្សា ដែលមមារញឹកនៅតាមសាកលវិទ្យាល័យ ដែលពួកគេកំពុងសិក្សា។

ដឹកនាំនិងរៀបចំដោយ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង ប្រធានសមាគមអតីតនិស្សិតកម្ពុជា សិក្សាវេជ្ជសាស្រ្តពីប្រទេសចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីនគរសង្គ្រាន្តគុនមិញនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហេង ពិសាល ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមដោយជនជាតិចិន និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងទីក្រុងគុនមិញ ខេត្តយូណានប្រមាណជា១១០នាក់។

លោកវេជ្ជបណ្ឌិត លី សៀវហ្វុង ប្រធានសមាគមអតីតនិស្សិតកម្ពុជា សិក្សាវេជ្ជសាស្រ្តពីប្រទេសចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា «ថ្វីត្បិតតែយើងបានចាកឆ្ងាយពីប្រទេស ប៉ុន្តែក្នុងនាមយើងជាខ្មែរ តែងតែមិនភ្លេចពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់យើង»

ថ្លែងក្នុងមតិសំណេះសំណាល ក្នុងចំណោមនិស្សិតកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនគរសង្គ្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៦នោះ លោកអគ្គកុងស៊ុល បានថ្លែងកោតសរសើរអំពីសមត្ថភាពរបស់និស្សិតកម្ពុជាទាំងអស់ ដែលទទួលបានឱកាសមកសិក្សាតាមជំនាញ នៅក្នុងប្រទេសចិននេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកសាងមូលធនមនុស្ស ដែលជាយុទ្ធសាស្ត្រស្នូលសម្រាប់កសាងធនធានមនុស្សនិងប្រទេសជាតិ។

លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតផ្ទាល់ខ្លួន គ្រួសារ និងប្រទេសជាតិ ដោយចូលរួមសាមគ្គីគ្នាថែរក្សាវប្បធម៌ ជួយផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាឱ្យទូលំទូលាយទៅកាន់ពិភពលោក និងលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសឱ្យបានល្បីសុះសាយ។

ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងត្រូវសត្រូវឈ្លានពាន កម្មវិធីនគរសង្គ្រាន្តគុនមីងនេះ បានប្រារព្ធឡើងដោយស្មារតីគោរពដល់វីរកងទ័ព ដែលបានពលីក្នុងការការពារបូរណភាពទឹកដី និងកំពុងតទល់ជាមួយសត្រូវឈ្លានពាន ដោយមានការគោរពវិញ្ញាណក្ខន្ធចំពោះកងទ័ព ដែលបានពលីក្នុងការច្បាំងការពារទឹកដីពីសត្រូវឈ្លានពាន។

កម្មវិធីនគរសង្គ្រាន្តគុនមិញ បានប្រារព្ធឡើងដោយស្មារតីសាមគ្គីក្នុងចំណោមនិស្សិតទាំងអស់ ប្រកបដោយទឹកមុខញញឹមរីករាយស្រស់ស្រាយ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន បោះអង្គុញ ដណ្តើមស្លឹកឈើ ទាញព្រ័ត និងវាយក្អម និងរាំកំសាន្តតាមចង្វាក់ប្រពៃណីជាតិខ្មែរ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែមានអត្ថន័យ និងសោមនស្សរីករាយដើម្បីអបអរទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ឈាងចូល២៥៧០ គ្រឹស្តសករាជ២០២៦ ដែលបានយាងចុះមកថែរក្សាមាតុប្រទេសកម្ពុជា និងប្រជានុរាស្ត្រខ្មែរកាលពីម៉ោង១០និង៤៨នាទីព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនគរសង្គ្រាន្តគុនមីង រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីជាតិ វប្បធម៌ដ៏ផូរផង់របស់ជាតិ និងផ្សាយទៅកាន់ពិភពលោក ជាពិសេសសូមបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងទ័ពកម្លាំងជួរមុខ និងបងប្អូនភៀសសឹកក្រោម ស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ៕