អ្នកនាំពាក្យក្រសួងសាធារណការ បំភ្លឺជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋពីបញ្ហាផ្លូវ នៅតំបន់កន្លែងការដ្ឋានសាងសង់ប្រព័ន្ធលូ ក្នុងក្រុងសិរីសោភ័ណ
21-04-2026 11:43
(ភ្នំពេញ)៖ ជុំវិញបញ្ហាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ លើបញ្ហាផ្លូវពិបាកធ្វើដំណើរ និងមានរូបភាពទឹកដក់លើដងផ្លូវនេះបណ្តាលមកពីភ្លៀងកក់ខែ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ទីតាំងនេះជាអនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ ហើយមកដល់ពេលនេះក្រុមការងារបានកែលម្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីរួចរាល់ហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា «យើងខ្ញុំនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹងពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងបានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតពីវឌ្ឍនភាពការងារនៅការដ្ឋានក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។ ខ្ញុំបាទសូមបញ្ជាក់ជូនជ្រាបថា នេះជាអនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)» ។
លោក ផន រឹម បានបន្ថែមថា អ្វីដែលលោកអ្នកបានឃើញរូបភាពទឹកដក់លើដងផ្លូវនេះ បណ្តាលមកពីភ្លៀងកក់ខែធ្លាក់ជាប់ៗគ្នារយៈពេល ២ថ្ងៃ បន្ទាប់ពីក្រុមការងារការដ្ឋានបានកាយដាក់ទុយោ និងបានបង្ហាប់ដីតួផ្លូវ កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បច្ចុប្បន្ននេះក្រុមការងារបានកែលម្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីរួចរាល់ ហើយអាជ្ញាធរក្រុង-ខេត្ត ដ៏ដូចជាមន្ត្រីអនុវត្តន៍គម្រោង បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក ផន រឹម បានបញ្ជាក់ទៀតថា អនុគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាប ជំហាន២ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ប្រវែង ១១០,៩១គីឡូម៉ែត្រ ប្រព័ន្ធលូទឹកភ្លៀង ៦,៨៨គីឡូម៉ែត្រ ព្រមទាំងស្ថាបនាស្ថានីយចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព ៣៥០០ម៣/ថ្ងៃ មានវឌ្ឍនភាពការងារ ៩៥%ហើយ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយគម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ៕















