លោកអាចារ្យពេលា សល់ សុខសួស្តី រៀបចំពិធីសំពះផ្ទឹមគូស្វាមីភរិយាថ្មី ដោយរក្សាប្រពៃណីបុរាណខ្មែរ ដោយទទួលការកោតសរសើរយ៉ាងច្រើន (Video inside)
21-04-2026 14:22
(កំពង់ឆ្នាំង)៖ តាមរយៈវីដេអូដែលមានការចែកចាយលើបណ្តាញសង្គម គេឃើញលោកអាចារ្យពេលា សល់ សុខសួស្តី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសម្រេចរៀបចំពិធីសំពះផ្ទឹមគូស្វាមីភរិយាថ្មី នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយរក្សាប្រពៃណីបុរាណខ្មែរ។ ក្នុងនោះ លោកអាចារ្យពេលា បានបដិសេធមិនឲ្យរៀបចំពិធីសំពះផ្ទឹម ដោយអង្គុយលើកៅអីទេ តែត្រូវអង្គុយលើកន្ទេលវិញ។
លោកអាចារ្យពេលា សល់ សុខសួស្តី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា ដំបូងឡើយ ឪពុកម្តាយទាំងគូស្វាមីភរិយាថ្មី ចង់រៀបចំពិធីសំពះផ្ទឹម នៅលើកៅអីដែរ ប៉ុន្តែក្នុងនាមជាអាចារ្យដឹកនាំកម្មវិធីមួយរូប និងក្នុងនាមជាខ្មែរផង លោកសម្រេចមិនឲ្យធ្វើបែបនេះទេ ព្រោះលោកឃើញថៃគេចង់យកការសំពះផ្ទឹមរបសស់ខ្មែរ ដែលរៀបចំនៅលើកន្ទេល ទៅធ្វើជារបស់គេហើយ។
បន្ទាប់ពីការពន្យល់ និងសម្របសម្រួលនោះ ឪពុកម្តាយទាំងគូស្វាមីភរិយាថ្មី បានយល់ព្រមតាមលោកអាចារ្យពេលា សល់ សុខសួស្តី។ លោកថា អ្វីដែលយើងចង់ឃើញ គឺការរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ ព្រោះបើមិនថែគេនឹងយកទៅមិនខានឡើយ។
សូមជម្រាបថា កម្ពុជាបានបញ្ជូនសំណើចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ដោយរួមបញ្ចូលទាំងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ រួចហើយ។
គួរជម្រាបដែរថា ថ្មីៗនេះ តារាថៃមួយគូបានរៀបចំពិធីមង្គលការ ដោយចម្លងតាមបែបបទខ្មែរពីបុរាណ ដោយមានពិធីលាងជើង និងសំពះផ្ទឹមនៅលើកន្ទេល។ ជាការកត់សម្គាល់ ឥលូវនេះ ពលរដ្ឋខ្មែរខ្លះបានពេញនិយមការសំពះផ្ទឹមដោយអង្គុយលើកៅអី និងសម្រេចមិនឲ្យរៀបចំពិធីលាងជើង តែបែរជាមានពិធីកាត់នំខេកពេលល្ងាចទៅវិញ៕




