ដំរីព្រៃច្រើនក្បាល ត្រូវបានអ្នកភូមិប្រទះឃើញនៅទឹកជ្រោះក្បាលព្រះ (Video inside)
21-04-2026 14:18
(មណ្ឌលគិរី)៖ ដំរីព្រៃជាច្រើនក្បាលមានតូចមានធំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កំពុងចុះលេងទឹកអូរទេរ ជិតរមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ហ្វូងដំរីចុះលេងទឹកនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។ តាមរយៈវត្តមានដំរីនេះ ជាសញ្ញាបង្ហាញនូវលទ្ធផលល្អប្រសើរនៃកិច្ចប្រឹងប្រែងលើការងារអភិរក្សរបស់កម្ពុជា។
ជាមួយនឹងការប្រទះឃើញវត្តមានហ្វូងសត្វដំរីព្រៃនេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ឆ្នាំ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ៕




