យុវជនគណបក្សប្រជាជនកម្ពុជា ជាង១០០នាក់ នៅស្រុកស្ទោង ទទួលការបំប៉នបច្ចេកទេសស្តីពីការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម

21-04-2026 14:34

(កំពង់ធំ)៖ លោក ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបំពាក់បំប៉នបច្ចេកទេស ស្តីពី «ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម» ដល់យុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន ១៥២នាក់ ក្នុងនោះស្រី ៤៨នាក់។

វគ្គបំពាក់បំប៉ននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់សិក្ខាកាម ពាក់ព័ន្ធនឹងការងារសម្របសម្រួលព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាព ព្រមទាំងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវ សមស្រប និងទាន់សភាពការណ៍នាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ លោក ងួន រាសី បានលើកឡើងអំពីសារៈសំខាន់នៃការងារព័ត៌មាន និងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ក្នុងការផ្សព្វផ្សាយសកម្មភាពនានា ក៏ដូចជាការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលា មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។

លោកក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ពិធីបើកវគ្គបំពាក់បំប៉ននេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សកម្ម និងពោរពេញដោយការយកចិត្តទុកដាក់ពីសំណាក់សិក្ខាកាមទាំងអស់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនសមត្ថភាពលើវិស័យព័ត៌មាន និងបណ្តាញសង្គម ឱ្យស្របតាមតម្រូវការការងារជាក់ស្តែង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពការងារសម្របសម្រួលព័ត៌មាន និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត៕