ឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញកម្លាំងនគរបាល ត្រូវបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
21-04-2026 15:59
(កំពង់ធំ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ខែ ឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីនគរបាលប្រមាណ ២៦០នាក់។
ឧត្តមសេនីយ៍ទោ ហេង សុផល បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក នួន ផារ័ត្ន អភិបាលខេត្ត ជូនបងប្អូនកងកម្លាំងនគរបាល ក្នុងកិច្ចប្រតិបត្តិការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រទេសជាតិ ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ធំកន្លងទៅថ្មីៗនេះ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ គឺពុំមានហេតុការណ៍ អ្វីមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ដើម្បីថែរក្សាបានលទ្ធផលការងារ ដ៏ត្រចះត្រចង់ខាងលើនេះ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តលោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្ដាំផ្ញើដល់កងកម្លាំង៖
*ទី១៖ សូមបន្តថែរក្សាវប្បធម៌ សាមគ្គីភាព ដើម្បីចូលរួមចំណែកកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរបស់យើង
*ទី២៖ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរថែមទៀត
*ទី៣៖ បន្តពង្រឹងរបៀបការងារជំនាញ និងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមផែនការងារជំនាញនីមួយៗ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក
*ទី៤៖ បើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី បំប៉នជំនាញ ដល់កងកម្លាំង ដើម្បីឆ្លើយតបនឹងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការងារប្រឆាំងគ្រឿងញៀន
*ទី៥៖ ការងារព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង ចំនួន១លើក តែបងប្អូនកងកម្លាំងយើងបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់
*ទី៦៖ ការងារសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់រូបភាព ដល់មហាជនគ្រប់ស្រទាប់វណ្ណៈតាមគ្រឹះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព តាមរយៈវេទិកាសាធារណៈ
*ទី៧៖ ការងារអត្តសញ្ញាណកម្ម បន្តការងារផ្ដល់សេវារដ្ឋបាលដូចភ្លៀងរលឹម លើការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម
*ទី៨៖ ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) និងបើកគោលរបបរបស់មន្ត្រីនគរបាលជាតិកម្ពុជា
*ទី៩៖ ការងារសេនាធិការមន្ត្រីជំនាញ អនុវត្តបានល្អប្រសើរ នាពេលកន្លងមក សូមបន្តខិតខំបន្ថែមទៀត ចងក្រងរបាយការណ៍ រូបភាព លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារ ជំនាញនីមួយៗ៕



































