សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អំណោយជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) បណ្ដាលឱ្យរលំផ្ទះចំនួន៣៥គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង

21-04-2026 15:59

(កំពង់ឆ្នាំង)៖ ពលរដ្ឋចំនួន៣៥គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលលំនៅឋានរបស់ពួកគាត់រងការខូចខាត ដោយគ្រោះធម្មជាតិ និងបណ្ដាលឱ្យរងរបួសមនុស្សចំនួន៦នាក់ (ដោយសារខ្យល់កន្ត្រាក់) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង រួមនិងអំណោយរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់លែង ព្រះសង្ឃ និងសប្បុរសជន។

លោក ប៉ាត់ គន មេឃុំផ្លូវទូក បានបញ្ជាថា តាំងពីព្រឹកថ្ងៃទី១៩ ខែមេសា រហូតមកដល់ថ្ងៃទី២១ ខែ មេសា អាជ្ញាធរខេត្ត ដឹកនាំដោយអភិបាលរងខេត្ត តំណាងអភិបាលខេត្តកំពង់ឆ្នាំង, មេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង, អភិបាលស្រុកកំពង់លែង បាននាំយកអំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅប្រគល់ជូនពលរដ្ឋចំនួន៣៥គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារសាងសង់ និងជួសជុលលំនៅឋានរួមនិងថវិកាមួយចំនួន។ ក្នុងនោះក៏មានអំណោយរបស់ព្រះសង្ឃគង់នៅវត្តថ្នល់ឈើទាល ក្នុងឃុំផ្លូវទូក និងអំណោយរបស់សប្បុរស ជនមួយចំនួន បានយកមកប្រគល់ជូនពលរដ្ឋទាំង ៣៥គ្រួសារខាងលើនេះ ដើម្បីចូលរួមរំលែកនូវទុក្ខលំបាករបស់ពួកគាត់បានមួយចំណែកផងដែរ។

មេឃុំបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បនអាជ្ញាធរឃុំ និងលោកអភិបាលស្រុក កំពុងយកចិត្តទុកដាក់ជួយ គិតគូរក្នុងការជួយជួសជុល និងសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ធ្ងរឡើងវិញ និងធ្វើយ៉ាងណា ឲ្យពួកគាត់មានទីជម្រកស្នាក់នៅក្នុងរដូវវស្សានេះ។

ទន្ទឹមនឹងនេះអភិបាលស្រុក ក៏បានចាត់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងក្រុមការងារគណបក្សស្រុកកំពង់លែង សហការជាមួយអាជ្ញាធរឃុំផ្លូវទូក និងកម្លាំងប្រជាការពារក្នុងឃុំ ពិនិត្យជាក់ស្ដែងទៅលើលំនៅឋានរបស់ ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ ត្រូវធ្វើការសាងសង់ឡើងវិញឲ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាពន្លឿនការជួសជុល និងសាងសង់ជូនប្រជាពលរដ្ឋឲ្យបានលឿនដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ទីជម្រកជូនពួកគាត់ដែលកំពុង ជួបការលំបាក ពិសេសក្មេងតូចៗដែ លពុំមានទីជម្រកសម្រាប់ស្នាក់នៅ ព្រោះរដូវនេះជារដូវវស្សាដែលភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបណ្ដើរៗហើយដែរ៕