បណ្ឌិត ញិល រដ្ឋា៖ «ស្កេមឡង់ដ៍» ជាទឹកដីនៃអន្ទាក់ វិបត្តិសីលធម៌ និងប្រភពមេរោគបោកប្រាស់
21-04-2026 16:06
(ភ្នំពេញ)៖ ក្នុងយុគសម័យដែលព្រំដែនឌីជីថល និងរូបវន្តកាន់តែរួមតូច «ស្កេមឡង់ដ៍ (Scam Land)» មិនមែនគ្រាន់តែជាចំណងជើងសៀវភៅ ឬជារឿងរ៉ាវបោកប្រាស់តាមដងផ្លូវនោះទេ ប៉ុន្តែវាគឺជា «មេរោគសង្គមឆ្លងដែន» ដែលកំពុងស៊ីរំលីងកិត្តិយសតំបន់អាស៊ីអាគ្នេយ៍យ៉ាងស្ងៀមស្ងាត់។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ពាក្យ «Scam Land» បានចាប់កំណើតផ្លូវការនៅឆ្នាំ២០២៣ តាមរយៈស្នាដៃរបស់លោក The Blether អ្នកនិពន្ធ ជនជាតិអង់គ្លេស (Thailand: Scam Land) និងអ្នកកាសែតស៊ើបអង្កេតដ៏ល្បីល្បាញ អ្នកនាង Snigdha Poonam (Scamlands: Inside The Asian Empire Of Fraud That Preys On The World) ក្នុងន័យបញ្ឈឺចិត្ត ដើម្បីកែប្រែរហ័សនាមទឹកដីនៃស្នាមញញឹម (Land of Smiles) ឱ្យមកជា «ទឹកដីនៃអន្ទាក់» ដែលហ៊ុមព័ទ្ធជនរងគ្រោះតាំងពីបាតជើងរហូតដល់កំពូលក្បាល។
១. វិវត្តន៍នៃមេរោគ៖ ពីល្បិចកលតាមដងផ្លូវ ទៅជាឧស្សាហកម្មឧក្រិដ្ឋ៖ មេរោគបោកប្រាស់នៃសង្គមស្កេមឡង់ដ៍មិនបាននៅទ្រឹងមួយកន្លែងឡើយ វាតែងតែបំប្លែងខ្លួនតាមចរន្តបច្ចេកវិទ្យា។
១.១. ដំណាក់កាលមេរោគជំនាន់ទី១ (ល្បិចតាមដងផ្លូវ)៖ ជាការជួបមុខគ្នាផ្ទាល់ប្រើល្បិច «តាក់ស៊ីមិនប្រើម៉ែត្រ» ឬភូតភរថា «ទីតាំងទេសចរណ៍បិទទ្វារ» ដើម្បីដឹកភ្ញៀវទៅកាន់អន្ទាក់ហាងត្បូងក្លែងក្លាយ។ ទោះវាប៉ះពាល់ត្រឹមថវិកាតិចតួច ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើមនៃមេរោគដែលបំផ្លាញទំនុកចិត្តដំបូងបង្អស់។
១.២. ដំណាក់កាលបណ្តាញអន្ទាក់ឌីជីថល៖ នៅពេលពិភពលោកភ្ជាប់គ្នាដោយអ៊ីនធឺណិត មេរោគបានបំប្លែងខ្លួនជា «ស្នេហាតាមអនឡាញ (Romance Scams)» និង «ការវិនិយោគក្លែងក្លាយ (Crypto Scams)»។ ត្រឹមតែការចុច Link មួយ ជីវិតមនុស្សម្នាក់អាចរលាយត្រឹមមួយប៉ព្រិចភ្នែក។
១.៣. ដំណាក់កាលឧស្សាហកម្មងងឹត (បច្ចុប្បន្ន)៖ នេះគឺជាដំណាក់កាលគ្រោះថ្នាក់បំផុត ដែលមេរោគបានក្លាយជាអង្គការចាត់តាំងខ្នាតធំ ប្រើប្រាស់ AI Deepfake ដើម្បីក្លែងបន្លំសម្លេង និងមុខមាត់ ហើយឈានដល់ការជួញដូរមនុស្ស និងការបង្ខំយុវជនឱ្យបម្រើការក្នុងមជ្ឈមណ្ឌលស្កេម ក្រោមរូបភាពការងារប្រាក់ខែខ្ពស់។
២. ការស៊ីរំលីងកិត្តិយសតំបន់អាស៊ាន និងមនសិការយុវជន៖ «ស្កេមឡង់ដ៍» មិនត្រឹមតែបំផ្លាញលុយកាក់ទេ តែវាបានកំពុង «បកស្បែកមុខ» នៃដែនដីអន្ទាក់ ដែលប៉ះពាល់ដល់កិត្តិយសរបស់ប្រជាជាតិអាស៊ាន។
២.១. វិបត្តិទំនុកចិត្តជាសកល៖ នៅពេលដែលជនបរទេសរងគ្រោះពី «អំពើបាបទាំង២០» ទំនុកចិត្តក្នុងវិស័យទេសចរណ៍ និងការវិនិយោគក៏រលាយសាបសូន្យ។ តើមានអ្នកវិនិយោគធំៗឯណា ហ៊ានបោះទុនលើទឹកដីដែលច្បាប់មិនអាចឈ្នះល្បិចកល?
២.២. ការមួលបង្កាច់អត្តសញ្ញាណ៖ តាមរយៈការវិភាគលើ The Land of the Ladyboy និង Ladyboys of Bangkok បង្ហាញថា រូបភាពវប្បធម៌ និងយេនឌ័រត្រូវបានគេយកមកប្រើជាខែលបិទបាំងល្បិចកលពេលរាត្រី ដែលធ្វើឱ្យអ្នកទេសចរខ្វះការប្រុងប្រយ័ត្ន ហើយធ្លាក់ចូលក្នុងអន្ទាក់បាបកម្មដោយអចេតនា។
២.៣. មេរោគផ្លូវចិត្តយុវជន៖ អ្វីដែលជាមហន្តរាយបំផុត គឺយុវជនចាប់ផ្តើមឱ្យតម្លៃលើ «លុយកាក់» ជាង «គុណធម៌»។ នៅពេលពួកគេយល់ថាការបោកប្រាស់គឺជា «ភាពឆ្លាតវៃ» នោះកោសិកាសង្គមអាស៊ានបានរលួយបាត់ទៅហើយ។
៣. សុខភាពសេដ្ឋកិច្ចដែលរងការគំរាមកំហែង៖ នៅពេលដែលសេដ្ឋកិច្ចមួយរងឥទ្ធិពលពីលុយកខ្វក់ វានឹងបង្កើតឱ្យមាន «អតិផរណាខុសប្រក្រតី»។ ការលាងលុយកខ្វក់តាមរយៈអចលនទ្រព្យ និងកាស៊ីណូ បានធ្វើឱ្យតម្លៃផ្ទះសម្បែងកើនឡើងហួសពីសមត្ថភាពពលរដ្ឋសុចរិត។ ជាងនេះទៅទៀត «វិបត្តិមូលធនមនុស្ស» កំពុងកើតមាន នៅពេលដែលយុវជនមានសមត្ថភាព បែរជាចំណាយពេលក្នុងបណ្តាញបោកប្រាស់ ជំនួសឱ្យការបង្កើតសហគ្រិនភាពដែលផ្តល់តម្លៃបន្ថែមដល់ជាតិ។
៤. ដំណោះស្រាយ៖ ការកសាង «ប្រព័ន្ធការពាររាងកាយ» សង្គម ដើម្បីកម្ចាត់មេរោគនេះ យើងត្រូវការ «វ៉ាក់សាំង» និង «អាហារូបត្ថម្ភ» សង្គមដ៏រឹងមាំ។
ក. វ៉ាក់សាំងចំណេះដឹងឌីជីថល៖ បណ្តុះបណ្តាលយុវជនឱ្យចេះសម្គាល់សញ្ញាអាសន្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់។
ខ. ប្រព័ន្ធការពារសីលធម៌៖ បណ្តុះ «ស្មារតីឈឺចាប់» ចំពោះអំពើអបាយមុខ។ យុវជនត្រូវតែយល់ថា កិត្តិយសជាតិមិនមែនសម្រាប់លក់ដូរដូរស៊ីលុយបោកប្រាស់នោះទេ។
គ. អាហារូបត្ថម្ភតម្លាភាព៖ រដ្ឋត្រូវគាំទ្រអាជីវកម្មស្អាតស្អំ និងរឹតបន្តឹងតំបន់ហានិភ័យ កុំឱ្យក្លាយជាជម្រកស្កេមឡង់ដ៍។
«ស្កេមឡង់ដ៍» មិនមែនគ្រាន់តែជាចំណងជើងសៀវភៅសម្រាប់អានកម្សាន្តនោះទេ ប៉ុន្តែវាគឺជាសៀវភៅមេរៀនដ៏ជូរចត់មួយរបស់ប្រទេសជិតខាង។ សម្រាប់កម្ពុជា ការរៀនសូត្រពីកំហុស និងចន្លោះប្រហោងរបស់ប្រទេសជិតខាង គឺជាឱកាសក្នុងការរៀបចំផ្ទះរបស់ខ្លួនឱ្យមានសុវត្ថិភាព ស្អាតស្អំ និងមានភាពទាក់ទាញពិតប្រាកដសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ ការចេះឈឺចាប់នៅថ្ងៃនេះ គឺជាការការពារមហន្តរាយនៅថ្ងៃស្អែក៕





