រូបសំណាកនាគព័ន្ធថ្មី ធ្វើអំពីស្ពាន់សុទ្ធទម្ងន់៨តោន នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ ខេត្ដកំពង់ចាម ស្ថាបនាបាន៩៨%ហើយ

21-04-2026 16:43

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារក្រុមការងារ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ)។

ក្នុងការពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា ឲ្យសំណង់ជាប្រវត្តិសាស្ត្រនេះ ដែលជាតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយផងដែរ។

ការបញ្ជាក់របស់វិស្វករ លោក ធួន វិថាវិន ឲ្យដឹងថា រូបសំណាកនាគព័ន្ធថ្នីនេះ សាងសង់អំពីស្ពាន់សុទ្ធ ទំងន់៨តោន កំពស់១០ម៉ែត្រ បូករួមទាំងជើងទម្រ៣ម៉ែត្រ ដែលការស្ថាបនានេះ ជាគំនិតផ្តួចផ្តើមដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ម្យ៉ាងទៀតរូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូពីស៊ីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មីមានទំហំ ១៧ម៉ែត្រ គុណ១៧ម៉ែត្រ។ រូបសំណាកខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨%៕