លោកបណ្ឌិត ជា មុនីឫទ្ធិ៖ កិច្ចប្រជុំ ២+២ លើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន
21-04-2026 17:49
(ភ្នំពេញ)៖ ជាតថភាព ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ជាពេលវេលាដែលប្រទេសយើងទាំងពីរកម្ពុជានិងចិន បានកំណត់បើកកិច្ចប្រជុំ «យុទ្ធសាស្ត្រ ២+២» រវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនេះជាមេកានិកកម្រិតខ្ពស់មួយដោយគ្រោងនឹងបង្ហាញពីការកើនឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ មកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ទៀតថា លើសពីតួនាទីសន្តិសុខ និងការទូត កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាយ៉ាងមុតស្រួចសម្រាប់ជំរុញល្បឿនកាន់តែលឿនបន្ថែមទៀតចាក់បញ្ចូលទៅក្នុងសមិទ្ធផលពេញ១ឆ្នាំ ដែលប្រទេសយើងទាំងពីរបានឯកភាពរួមគ្នាប្រសិទ្ធនាមថា «ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ហើយក៏ជាការបញ្ជាក់យ៉ាងប្រត្យក្សពីកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគី។
ជាមូលដ្ឋានគ្រឹះ កិច្ចកសាងសហគមន៍ជោគវាសនារួម បានផ្តល់គុណតម្លៃដល់ប្រទេសទាំងពីរ កម្ពុជានិងចិន មិនត្រឹមតែជាដៃគូសហប្រតិបត្តិការក្នុងនាមជាមិត្តដែកថែបប៉ុណ្ណោះទេ ថែមទាំងជាដៃគូ ដែលចែករំលែកអនាគតរួម គាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ ក្នុងបរិបទនេះ កិច្ចប្រជុំ «២+២» ដែលនឹងបើកទំព័រថ្មីនៃសករាជត្បូងពេជ្រនៃទំនាក់ទំនងកម្ពុជានិងចិន ដោយនឹងផ្តល់ មូលដ្ឋានយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់ការសម្របសម្រួលគោលនយោបាយ និងសកម្មភាពរួម ដើម្បីធានាថា ការអភិវឌ្ឍ និងសន្តិសុខដើរតួនាទីគាំទ្រគ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់បន្ថែមពីអ្នកជំនាញកម្ពុជា-ចិន ដដែល។
សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ សច្ចភាព កិច្ចប្រជុំនេះនឹងជួយ៥យ៉ាង សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយក្នុងនោះមានដូចជា៖
១៖ ពង្រឹង «ទំនុកចិត្តយុទ្ធសាស្ត្រគ្រប់រដូវកាល» ដែលមានន័យថា ទោះបីជាមានការប្រែប្រួលនៅក្នុងបរិបទអន្តរជាតិ ឬបញ្ហាប្រឈមថ្មីៗ កម្ពុជា និងចិននៅតែរក្សាការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ។ ការសហការរវាងវិស័យការបរទេស និងការពារជាតិធានាថា មានការឆ្លើយតបសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខ និងវិបត្តិផ្សេងៗ។
២៖ បង្កើត «សន្តិសុខរួម និងអភិវឌ្ឍន៍រួម» ដែលជាស្នូលនៃសហគមន៍ជោគវាសនារួម។ តាមរយៈការសហការលើវិស័យការពារជាតិ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មាន ដែលកម្ពុជានឹងបង្កើនការលើកកម្ពស់សមត្ថភាពការពារជាតិ ខណៈដែលការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលចិនបន្តជាវិនិយោគិនឈានមុខនៅកម្ពុជា។
៣៖ ជំរុញការភ្ជាប់គ្នារវាងគម្រោងអភិវឌ្ឍន៍ធំៗ និងសន្តិសុខថាមពល ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ–ឡានឆាង និងគម្រោងសេដ្ឋកិច្ចសំខាន់ៗផ្សេងៗរួមមានវារីអគ្គិសនី ថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលពីខ្យល់។ ការសម្របសម្រួលនេះធានាថា គម្រោងអភិវឌ្ឍន៍អាចអនុវត្តបានដោយសុវត្ថិភាព និងមានចីរភាព ដែលជាគន្លឹះក្នុងការបង្កើតអនាគតរួមដ៏រឹងមាំ។
៤៖ លើកកម្ពស់ «ការតភ្ជាប់ប្រជាជននិងប្រជាជន» ដែលជាមូលដ្ឋាននៃសហគមន៍ជោគវាសនារួម។ ក្រៅពីវិស័យយោធា និងការទូត កិច្ចប្រជុំក៏អាចជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ អប់រំ និងមនុស្សធម៌ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងមានមូលដ្ឋានជ្រៅជ្រះនៅក្នុងសង្គម។
៥៖ បង្កើនល្បឿនការកសាងសហគមន៍ជោគវាសនារួម «គ្រប់រដូវកាល» បង្ហាញពីភាពបន្តបន្ទាប់ និងចីរភាពនៃទំនាក់ទំនងទ្វេភាគី។
ក្នុងនាមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ យល់ឃើញថា កិច្ចប្រជុំ «យុទ្ធសាស្ត្រ ២+២» មិនត្រឹមតែជាវេទិកាសម្រាប់ពិភាក្សាបញ្ហាសន្តិសុខនិងការទូត ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃរួមដ៏សំខាន់និងសកម្មសម្រាប់ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ កិច្ចប្រជុំនេះក៏នឹងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ កម្ពុជានិងចិន ក្នុងការបង្កើតអនាគតដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងសម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោកទាំងមូល៕







