វិភាគអន្តរជាតិ៖ តើអ្វីទៅជំរុញឱ្យជប៉ុនលុបចោលបម្រាមនាំចេញអាវុធ?
21-04-2026 19:41
(តូក្យូ)៖ ជប៉ុន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានលុបចោលមួយផ្នែកធំនៃបម្រាមលើការនាំចេញអាវុធទៅក្រៅប្រទេសដែលនេះជាការផ្លាស់ប្ដូរដ៏ធំមួយដើរចេញកាន់តែឆ្ងាយពីគោលនយោបាយសន្តិនិយម ខណៈជប៉ុនកំពុងព្យាយាមពង្រីកឧស្សាហកម្មផលិតអាវុធ និងពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយប្រទេសជាដៃគូ។ ការអនុម័តដោយរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានត្រួសត្រាយផ្លូវឱ្យជប៉ុនអាចលក់អាវុធ ដូចជាយន្ដហោះចម្បាំងជំនាន់ថ្មី ដ្រូនប្រយុទ្ធ និងអាវុធជាច្រើនទៀត។
ការលុបចោលបម្រាមលក់អាវុធធ្វើឡើងចំពេលជប៉ុនកំពុងពន្លឿនការពង្រឹងសមត្ថភាពយោធានៅចំពោះមុខការកើនឡើងនូវបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ ខណៈការផ្លាស់ប្ដូរគោលនយោបាយនេះទទួលរងការរិះគន់យ៉ាងខ្លាំងពីចិន បណ្ដាប្រទេសជាដៃគូរបស់ជប៉ុន ដូចជាអូស្ត្រាលីបង្ហាញការសាទរ និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។ ក្រុមអ្នកប្រឆាំងវិញបាននិយាយថាការផ្លាស់ប្ដូរនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ហើយនឹងបង្កើនភាពតានតឹងជាសកល ព្រមទាំង គំរាមកំហែងដល់សន្តិសុខរបស់ប្រជាជនជប៉ុន។ ក៏ប៉ុន្តែ ជាការឆ្លើយតទៅនឹងការរិះគន់ ប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានប្រាប់ក្រុមអ្នកសារព័ត៌មានថាគោលនយោបាយថ្មីនឹងធានាសុវត្ថិភាពសម្រាប់ជប៉ុន ហើយចូលរួមចំណែកបន្ថែមដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងបរិបទដែលបរិយាកាសន្តិសុខនៅជុំវិញប្រទេសជប៉ុនកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។
* តើជប៉ុនអាចចាប់ផ្ដើមលក់អាវុធអ្វីខ្លះ?
ជប៉ុនជាយូរណាស់មកហើយបានដាក់បម្រាមលើខ្លួនឯងចំពោះការនាំចេញអាវុធអាចសម្លាប់ជីវិតមនុស្ស ដែលខ្ទាស់ជាប់នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួនបន្សល់ទុកតាំងពី សម័យក្រោយសង្រ្គាមលោកលើកទី២។ រហូតមកដល់ប៉ុន្មានឆ្នាំថ្មីៗនេះ ទើបចាប់ផ្ដើមមានការផ្លាស់ប្ដូរដោយសារតែកើនឡើងភាពតានតឹងជាសកល និងក្នុងតំបន់។ ប៉ុន្តែការផ្លាស់ប្ដូរ កន្លងមកបានអនុញ្ញាតឱ្យជប៉ុនត្រឹមតែអាចនាំចេញបរិក្ខារយោធាដូចជាសម្រាប់ការជួយសង្រ្គោះ ការដឹកជញ្ជូន ប្រកាសអាសន្ន ស៊ើបការណ៍ និងដោះមីនសមុទ្រប៉ុណ្ណោះ។
នៅក្រោមវិធានការថ្មី ការដាក់កំហិតទាំងនេះត្រូវបានលុបចោល និងអនុញ្ញាតឱ្យជប៉ុនអាចនាំចេញបរិក្ខារយោធាដូចជាយន្ដហោះចម្បាំង មីស៊ីល នាវាចម្បាំង ហើយនេះជាការផ្លាស់ប្ដូរ មួយយ៉ាងធំចេញពីការនាំចេញត្រឹមបរិក្ខារមានស្រាប់ដូចជាអាវក្រោះ ម៉ាសការពារឧស្ម័ន និងយានយន្ដស៊ីវិលដែលជប៉ុនបានបញ្ជូនទៅឱ្យអ៊ុយក្រែន និងប្រព័ន្ធរ៉ាដាស៊ើបការណ៍ដែល តូក្យូលក់ឱ្យហ្វីលីពីន។ បច្ចុប្បន្ន ការនាំចេញអាវុធត្រូវបានកំណត់នៅត្រឹមប្រទេសចំនួន១៧ ដែលបានចុះកិច្ចព្រមព្រៀងទិញបរិក្ខារយោធា និងការផ្ទេរបច្ចេកវិទ្យាជាមួយជប៉ុន។ ជាគោលការណ៍ ជប៉ុននឹងមិនលក់អាវុធឱ្យប្រទេសកំពុងមានសង្រ្គាមនោះទេ តែឥលូវមានករណីលើកលែង ប្រសិនបើការលក់អាវុធធ្វើឡើងអនុលោមតាមផលប្រយោជន៍សន្តិសុខជាតិ របស់ជប៉ុន។
កាលពីឆ្នាំ២០១៤ ជប៉ុនបានចាប់ផ្ដើមនាំចេញបរិក្ខារយោធាមិនមែនជាអាវុធសម្លាប់ជីវិតមនុស្ស និងនៅខែធ្នូ ឆ្នាំ២០២៣ តូក្យូបានអនុម័តការផ្លាស់ប្ដូរមួយដែលអនុញ្ញាតការលក់អាវុធ មួយចំនួនដែលអាចសម្លាប់ជីវិតមនុស្ស និងគ្រឿងបន្លាស់ដែលខ្លួនបានផលិតនៅក្រោមការទទួលអាជ្ញាបណ្ណពីប្រទេសដទៃតួយ៉ាងដូចជាសហរដ្ឋអាមេរិក។ ការបន្ធូរបន្ថយក្នុងឆ្នាំ២០២៣ ធ្វើឡើងដើម្បីបើកផ្លូវឱ្យជប៉ុនលក់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីបំពេញស្ដុកឡើងវិញនូវគ្រាប់មីស៊ីលដែលវ៉ាស៊ីនតោនបានបញ្ជូនទៅឱ្យអ៊ុយក្រែន។ ការផ្លាស់ប្ដូរនេះក៏បានបើកផ្លូវផងដែរឱ្យជប៉ុនចូលរួមក្នុងគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់ទី៦ជាមួយចក្រភពអង់គ្លេស និងអ៉ីតាលី។
* ឧស្សាហកម្មអាវុធសម្រាប់យុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ច
ដោយសារតែប្រវត្តិសង្រ្គាមកាលពីអតីតកាល ជប៉ុនបានអនុម័តរដ្ឋធម្មនុញ្ញមួយនៅក្រោយសង្រ្គាមលោកលើកទី២បិទបញ្ចប់ដែលរឹតត្បិតលើយោធារបស់ខ្លួននៅត្រឹមរង្វង់ស្វ័យការពារខ្លួន តែប៉ុណ្ណោះ និងបានប្រកាន់ភ្ជាប់រាប់ទសវត្សរ៍មកហើយលើការរឹតត្បិតលើការនាំចេញអាវុធ ខណៈពឹងផ្អែកស្ទើរតែទាំងស្រុងលើវត្តមានយោធាអាមេរិកក្នុងតំបន់ និងនាំចូលអាវុធដែលមាន តម្លៃថ្លៃៗពីសហរដ្ឋអាមេរិក។ ជារួម ក្រុមហ៊ុនផលិតអាវុធនៅក្នុងស្រុកអាចត្រឹមតែលក់អាវុធទៅឱ្យកងកម្លាំងស្វ័យការពារ និងក្រសួងការពារជាតិជប៉ុនតែប៉ុណ្ណោះដែលនេះបានធ្វើឱ្យ ឧស្សាហកម្មអាវុធជប៉ុនខ្វះខាតការប្រកួតប្រជែង ជាហេតុធ្វើឱ្យឧស្សហកម្មមួយនេះសូវទទួលបានការចាប់អារម្មណ៍ និងមិនបានផ្ដល់ផលចំណេញអ្វីធំដុំដល់សេដ្ឋកិច្ចជប៉ុននោះទេ រីឯ ក្រុមហ៊ុនជាច្រើនបានដកការវិនិយោគរបស់ខ្លួនទៀតផង។ ប៉ុន្តែឥលូវ អ្វីៗបានផ្លាស់ប្ដូរមួយទំហឹង។ ជប៉ុនកំពុងពន្លឿនការពង្រឹងសមត្ថភាពយោធា និងពង្រីកឧស្សាកម្មអាវុធដើម្បីអភិវឌ្ឍ សមត្ថភាពវាយលុកលើសត្រូវ ប្រឈមមុខនឹងការប្រែប្រួលបរិយាកាសសន្តិសុខក្នុងតំបន់ និងភូមិសាស្ត្រនយោបាយពិភពលោក។ តាមក្រុមអ្នកជំនាញ ការកើនឡើងការធ្វើសកម្មភាព យោធារបស់ចិន ការរីកចម្រើនអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រមទាំងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការកើនឡើងសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ជាពិសេស នៅក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាកត្តាចម្បងជំរុញការផ្លាស់ប្ដូររបស់ជប៉ុន បន្ថែមពីលើកត្តាផលចំណេញខាងសេដ្ឋកិច្ច។
ជប៉ុនបានបង្កើនកញ្ចប់ថវិកាសម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មីៗ និងការស្រាវជ្រាវនៅក្នុងឧស្សាហកម្មយោធា។ ជប៉ុនក៏មានគោលដៅផងដែរក្នុងការអភិវឌ្ឍឱ្យបានសម្រេចនូវប្រព័ន្ធការពារមួយ ដែលប្រើប្រាស់បណ្ដាញដ្រូនសម្រាប់ការស៊ើបការណ៍ និងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដើម្បីការពារទីប្រជុំកោះរបស់ខ្លួនដែលស្ថិតនៅក្បែរតៃវ៉ាន់ ស្របពេលបង្កើនការចូលរួម ក្នុងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូផ្សេងទៀតក្នុងតំបន់។ ឧស្សាហកម្មការពារជាតិជាវិស័យយុទ្ធសាស្ត្រមួយក្នុងចំណោមវិស័យទាំង១៧ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចនៅក្រោមរដ្ឋាភិបាលជប៉ុនដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ខណៈបណ្ដាក្រុមហ៊ុនធំៗ និងក្រុមហ៊ុនទើបបង្កើតថ្មីកាន់តែច្រើនបង្ហាញ ការចាប់អារម្មណ៍ ជាពិសេសក្នុងការអភិវឌ្ឍផលិតផលដែលអាចប្រើបានទាំងស៊ីវិល និងយោធា រួមទាំងដ្រូន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ អូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយជប៉ុនសម្រាប់ការប្រគល់នាវាចម្បាំងប្រភេទ Mogami ៣គ្រឿងដំបូងផលិតដោយក្រុមហ៊ុនជប៉ុន Mitsubishi មានទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ និងគម្រោងផលិតនាវាចម្បាំងរួមគ្នា ៨គ្រឿងផ្សេងទៀតជាមួយអូស្ត្រាលី។ តាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi នូវែលសេឡង់ក៏បានបង្ហាញការចាប់អារម្មណ៍លើការបញ្ជាទិញនាវាចម្បាំងពីជប៉ុនផងដែរ ខណៈប្រទេសផ្សេងទៀតដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍លើការទិញ បរិក្ខារយោធាពីជប៉ុនដូចគ្នា។ កិច្ចព្រមព្រៀងជាមួយអូស្ត្រាលីគឺជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក៕









