ប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ

21-04-2026 21:08

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ លោក តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូនៃសន្និសីទ ដែលរៀបចំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថល ថ្នាក់ដឹកនាំក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១ ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។

ខ្លឹមសារ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖

*កិច្ចប្រជុំបានពិនិត្យមើលការអនុវត្តសកម្មភាពតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ADGMIN) ដែលបានប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
*អង្គប្រជុំបានពិនិត្យលើស្ថានភាពនៃការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០ (ADM 2030) និងការវិភាគលើលទ្ធផលការងារដែលសម្រេចបានកាលពីឆ្នាំ២០២៥ ។

*ការពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងក្នុងវដ្តការងារឆ្នាំ២០២៦ និងលើកគម្រោងអាទិភាពសម្រាប់វដ្តការងារឆ្នាំ២០២៧ ដែលក្នុងនោះកម្ពុជាក៏បានដាក់ស្នើគម្រោងចំនួន៤ផងដែរ ដើម្បីជំរុញបរវិត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់អាស៊ាន។

*អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើនកិច្ចសន្ទនាជាមួយដៃគូដែលបានដាក់ស្នើជាដៃគូសន្ទនាក្រោមក្របខណ្ឌកិច្ចប្រជុំឧត្តមមន្ត្រីឌីជីជីថលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។

កិច្ចប្រជុំចង្អៀតលើកទី១ ឆ្នាំ២០២៦នេះ បានសម្រេចនូវលទ្ធផលជាផ្លែផ្កា និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាស៊ាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឌីជីថលឱ្យកាន់តែរឹងមាំ៕