លោក ត្រាំ ប្រកាសមិនចង់ពន្យារបទឈប់បាញ់ ខណៈអាមេរិកចាប់ឃាត់នាវាដឹកប្រេងរបស់អ៊ីរ៉ង់នៅកណ្ដាលសមុទ្រ (Video inside)

21-04-2026 21:44

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ បានប្រកាសថា លោកមិនមានបំណងចង់ពន្យារពេលបទឈប់បាញ់ដែលជិតផុតកំណត់ជាមួយអ៊ីរ៉ង់នោះទេ ដោយលោកបានបញ្ជាក់ថា កងទ័ពអាមេរិកបាន «ត្រៀមខ្លួនរួចជាស្រេច» ក្នុងការបើកការវាយប្រហារ ប្រសិនបើកិច្ចចរចាមិនទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងភ្លាមៗបន្ទាប់ពីយោធាអាមេរិកបានប្រកាសពីការចាប់ឃាត់នាវាដឹកប្រេងដ៏ធំមួយរបស់អ៊ីរ៉ង់ នៅក្នុងដែនទឹកអន្តរជាតិ ដែលជាចំណាត់ការលើកដំបូងបំផុតប្រឆាំងនឹងការនាំចេញប្រេងឆៅរបស់ទីក្រុងតេហេរ៉ង់។ សកម្មភាពនេះអាចនឹងធ្វើឱ្យកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន កាន់តែមានភាពស្រពិចស្រពិល ខណៈដែលអ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ជំហរថានឹងមិនចរចាឡើយ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តវិធានការបិទខ្ទប់កំពង់ផែរបស់ខ្លួន។

ថ្លែងប្រាប់ទូរទស្សន៍ CNBC លោក ត្រាំ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «ខ្ញុំមិនចង់ធ្វើបែបនោះទេ ព្រោះយើងមិនមានពេលច្រើនឡើយ។ ខ្ញុំរំពឹងថានឹងមានការទម្លាក់គ្រាប់បែក ព្រោះខ្ញុំគិតថាវាគឺជាជម្រើសដែលល្អជាង... កងទ័ពរបស់យើងកំពុងទន្ទឹងរង់ចាំការបញ្ជាដើម្បីចេញប្រតិបត្តិការ»។

ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី ហ្វាតេម៉េ ម៉ូហាជេរ៉ានី (Fatemeh Mohajerani) បានលើកឡើងតាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា អ៊ីរ៉ង់មិនចង់ឱ្យមានការវាយប្រហារសាជាថ្មីនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើងមែន ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ និងរឹងមាំបំផុតជាងពេលណាៗទាំងអស់៕