ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ថ្លែងអំណរគុណលោក នេត្រ ភក្ត្រា សម្រាប់សារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពយុវជន វ៉ាន រតនៈសម្បត្តិ

22-04-2026 10:23

(ក្រចេះ)៖ គ្រោះធម្មជាតិកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២នៃពិធី​បុណ្យ​ចូលឆ្នាំថ្មី បានឆក់យកជីវិតយុវជន វ៉ាន រតនៈសម្បត្តិ ក្នុងជន្មាយុ ២៦ឆ្នាំ។

រតនៈសម្បត្តិ ជានិស្សិតដេប៉ាតឺម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន មហាវិទ្យាល័យវិស្វកម្ម នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រតនៈសម្បត្តិ ជាកូនអ្នកខេត្តក្រចេះ ហើយតែងចូលរួម​ជួយ​ដល់កិច្ចការវត្តព្រះវិហារធំសសរ១០០ ជាពិសេសលើកិច្ចការថតរូបក្នុងកម្មវិធីនានា​របស់វត្ត។ រតនៈសម្បត្តិ ជាកូន ជានិស្សិត និងជាយុវជនមួយរូប ដែលមានចរិយាមាយាទ​ស្លូតបូត និងប្រកបដោយគន្លងធម៌ ទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន។

មរណភាពដោយគ្រោះធម្មជាតិ បាននាំមកនូវក្តីសោកសង្រេងស្តាយស្រណោះអាឡោះ​អាល័យជាពន់ពេកពីសំណាក់ឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិ ដែលបានស្គាល់ និងរាប់អានយុវនិស្សិត រតនៈសម្បត្តិ។

លោក នេត្រ ភក្ត្រា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានសម្តែង​នូវសមានចិត្តក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់យុវជន វ៉ាន រតនៈសម្បត្តិ។

លោក នេត្រ ភក្ត្រា បានចាត់ទុកមរណភាពរបស់យុវជន វ៉ាន រតនៈសម្បត្តិ ជាការបាត់​បង់​កូនបង្កើត បងប្អូន និងសាច់សាលោហិតជាទីស្រលាញ់រាប់អានប្រកបដោយសុជីវធម៌ សីលធម៌ កតញ្ញុតាធម៌ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះ​ក្រុមគ្រួសារ។ ជា​ពិសេសជាការបាត់បង់នូវធនធានយុវជនមួយរូបជាសសរទ្រូងរបស់សង្គម កំពុងបន្តការ​សិក្សាថ្នាក់មហាវិទ្យាល័យ ជាយុវជនគំរូ យុវជនឆ្នើម មានចំណេះដឹង និងស្មារតីសាមគ្គី​ល្អយ៉ាងសស្រាក់សសាំ ដើម្បីបុព្វហេតុសកម្មភាពការងារសង្គមជាប្រយោជន៍រប​ស់​សហ​គមន៍នៅក្នុងមូលដ្ឋាន។

ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះ​វិហារ​ធំសសរ១០០ តំណាងឱ្យសាច់ញាតិបងប្អូន នៃក្រុមគ្រួសារសពទាំងអស់ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធាន​ក្រុម​ការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការ​ងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ដែលបានចូលរួមរំលែកមរណទុក្ខចំពោះ​ការបាត់​បង់និស្សិត វ៉ាន រតនៈសម្បត្តិ ជាទីស្រលាញ់បំផុតរបស់ព្រះអង្គ និងសាច់ញាតិ បងប្អូន នៃក្រុមគ្រួសារសព៕