មន្ត្រីឧទ្យានុរក្សដែនជម្រកព្រៃឡង់ ឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ
22-04-2026 10:50
(ព្រះវិហារ)៖ រថយន្តសាំយ៉ុងមួយគ្រឿង បានដឹកឈើអារពេញ បោះពួយចេញពីខេត្តព្រះវិហារទីកំពុងកក្រើករឿងកាប់បំផ្លាញព្រៃឈើធម្មជាតិ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកព្រៃឡង់ស្ទាក់ចាប់។
រថយន្តដឹកឈើនេះ ត្រូវបានស្ទាក់ចាប់នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កំពុងផ្ទុះការចាប់អារម្មណ៍រឿងកាប់បំផ្លាញព្រៃឈើនៅសហគមព្រៃរកា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឈើធំៗជាច្រើនដើម ត្រូវបានជនខិលខូចលួចកាប់រំលំ។
ប្រជាសហគមបានសម្តែងក្តីព្រួយបារម្ភពីការហិនហោចព្រៃឈើ ដែលនៅសេសសល់នាពេលបច្ចុប្បន្ន។ ក្រោយផ្ទុះរឿងកាប់បំផ្លាញព្រៃឈើនេះ មន្ត្រីឧទ្យានុរក្សក៏កំពុងសស្រាក់សស្រាំក្នុងការទប់ស្កាត់បទល្មើសនេះផងដែរ។
ការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ បើទោះបីមន្ត្រីឧទ្យានុរក្សមានចំនួនតិច ព្រៃឈើធំយ៉ាងណាក្តី តែមានការលើកឡើងថា ការទប់ស្កាត់បទល្មើសមិនលំបាកទេ បើមានឆន្ទៈប្រាកដក្នុងការបង្ក្រាប។ មិនលំបាកព្រោះថា ឈើដែលកាប់ពីព្រៃ មិនចេះបំបាំងកាយ ជ្រែកដី ឬហោះលើអាកាសនោះទេ ពោលចាំស្ទាក់តែផ្លូវចេញពីព្រៃ ដោយមិនឱ្យគេដឹកចេញទៅជាការស្រេចទៅហើយ។ ផ្លូវដឹកឈើចេញពីព្រៃមិនមានច្រើននោះទេ ដូច្នេះដាក់តែកម្លាំងស្ទាក់កុំឱ្យពួកគេដឹកចេញរួចទៅជាការស្រេចហើយ៕









