សិស្សឆ្នើមកម្ពុជា ដណ្តើមបានជយលាភីលេខ១ និងមេដាយ ៦១គ្រឿង ពីការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស នៅអូស្ត្រាលី
22-04-2026 13:31
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជាដណ្តើម បានជយលាភីលេខ១ លេខ២ និងលេខ៣ រួមទាំងមេដាយ ៦១គ្រឿង ពីការប្រកួតក្នុងកម្មវិធី Nextgen Olympiad ២០២៦ នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស ដែលមានកូនសិស្ស ២៨០នាក់ មកពី ១៤ប្រទេសចូលរួម។
ការទៅចូលរួមប្រកួតរបស់កូនសិស្សកម្ពុជានេះបានធ្វើឡើង ក្រោមការសម្របសម្រួលរបស់ BRIGHT EDUCATION CO.,LTD ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែង របស់សិស្សហើយតែងតែរៀបចំកម្មវិធីប្រកួតប្រជែងដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ។
កម្មវិធី NextGen Olympiad 2026 នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស កូនសិស្សពីកម្ពុជាដែលបានទៅចូលរួមមានចំនួន ៣១នាក់ ហើយក្នុងនោះកូនសិស្សកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ២នាក់ ចំណាត់ថ្នាក់លេខ២ ចំនួន ១នាក់ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២នាក់ ទទួលមេដាយមាស ៥គ្រឿង មេដាយប្រាក់ ១៧គ្រឿង និងមេដាយសំរឹទ្ធ ៣៩គ្រឿង។
នាឱកាសនាំយកជយលាភី និងមេដាយជូនជាតិ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ តំណាងសិស្សកម្ពុជា បានវាយតម្លៃខ្ពស់ពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ និងបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមខ្លួនជាស្រេច មុនឈានដល់ការប្រកួត និងទទួលបានភពជោគជ័យដូចនេះ និងបានលើកទឹកចិត្តដល់សិស្សានុស្សទាំងអស់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង និងរកឱកាសក្នុងការចូលរួមប្រកួតប្រជែងឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង។
តំណាងសិស្សជយលាភី ក៏បានថ្លែងអរគុណដល់ក្រុមហ៊ុន B RIGHT EDUCATION CO.,LTD ដែលបានរៀបចំការប្រកួតប្រជែងរបស់សិស្ស ដើម្បីឱ្យកូនសិស្សខ្មែរ មានឱកាសបញ្ចេញសមត្ថភាពលើឆាគអន្តរជាតិ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំកម្មវិធីដូចនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពក្លាហាន សម្រាប់កូនសិស្សកម្ពុជា បានប្រកួតលើឆាគអន្តរជាតិបន្តទៀត។
គួរបញ្ជាក់ដែរថា តាមរយៈកម្មវិធី Nextgen Olympiad ២០២៦ ដែលកូនសិស្សខ្មែរ ទទួលបានលទ្ធផលជោគជ័យដូចនេះ បានបង្ហាញយ៉ាងច្បាស់ថា សមត្ថភាពរបស់កូនខ្មែរយើងគឺខ្លាំងបើធៀបនឹងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗទៀត គ្រប់ការប្រកួតគឺកូនខ្មែរសុទ្ធតែធ្វើបានល្អជាបន្តបន្ទាប់ផងដែរ៕


























