ឈ្វេងយល់ពីបុគ្គលិកលក្ខណៈរបស់ លោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន ដែលនឹងមកប្រទេសកម្ពុជា (Video inside)

22-04-2026 14:46

(ភ្នំពេញ)៖ លោក តុង ជុន (Dong Jun) រដ្ឋមន្រ្តីការពារជាតិចិន នឹងមកដល់កម្ពុជាជាលើកដំបូង ក្នុងតំណែងជារដ្ឋមន្រ្តីការពារជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក តុង ជុន កើតនៅឆ្នាំ១៩៦៣ ក្នុងខេត្តសានដុង (Shandong) ដែលជាខេត្តមាត់សមុទ្រមានប្រពៃណីយោធាដ៏រឹងមាំមួយរបស់ប្រទេសចិន។ លោកបានសម្រេចចិត្តចូលបម្រើកងទ័ពតាំងពីយុវវ័យ ដោយបានប្រឡងចូលរៀននៅ សាលាកងទ័ពជើងទឹកដាលាន (Dalian Naval Academy) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រីជើងទឹកឈានមុខគេ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៨។

លោក ដុង ជុន បានចំណាយពេលពេញមួយជីវិតបម្រើការក្នុងកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLAN) ដោយបានឆ្លងកាត់តំណែងសំខាន់ៗជាច្រើន៖

* មន្ត្រីជំនាញយុទ្ធសាស្ត្រ៖ លោកធ្លាប់បានកាន់តួនាទីជាប្រធានផ្នែកហ្វឹកហ្វឺននៃកងទ័ពជើងទឹក និងជាអនុអគ្គសេនាធិការនៃកងទ័ពជើងទឹកចិន។

* បញ្ជាការដ្ឋានតំបន់៖ លោកបានបម្រើការជាអនុមេបញ្ជាការនៃ បញ្ជាការដ្ឋានភូមិភាគខាងត្បូង (Southern Theater Command) ដែលជាតំបន់យុទ្ធសាស្ត្រដ៏ក្តៅគគុក គ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន។

* មេបញ្ជាការកងទ័ពជើងទឹក៖ នៅខែសីហា ឆ្នាំ២០២១ លោកត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពជើងទឹកចិន ហើយត្រូវបានដំឡើងឋានន្តរសក្ដិជា នាយឧត្តមសេនីយ៍ (Admiral) ដែលជាស័ក្តិ ៤ ផ្កាយ (ឋានន្តរសក្ដិខ្ពស់បំផុតក្នុងយោធាចិន)។

លោក ដុង ជុន ត្រូវបានគេមើលឃើញថាជា «មុខមាត់ថ្មី» នៃវិស័យការពារជាតិចិន ដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។ លោកមានជំនាញក្នុងការសម្របសម្រួល និងការចរចាអន្តរជាតិ។ ការតែងតាំងលោក គឺដើម្បីជួយឱ្យចិនអាចផ្សារភ្ជាប់ទំនាក់ទំនងយោធាជាមួយមហាអំណាចផ្សេងៗ (ដូចជាសហរដ្ឋអាមេរិក) និងប្រទេសជិតខាងឡើងវិញ បន្ទាប់ពីមានភាពតានតឹងមួយរយៈ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក ដុង ជុន ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តពីលោក លី សាងហ្វូ (Li Shangfu)។ ការជ្រើសរើសរូបលោក ត្រូវបានអ្នកវិភាគមើលឃើញថា ជាការជ្រើសរើសយកអ្នកដែលមានជំនាញច្បាស់លាស់ខាងយុទ្ធសាស្ត្រសមុទ្រ និងមានបទពិសោធន៍ទូលំទូលាយក្នុងការធ្វើការជាមួយកងទ័ពអន្តរជាតិ៕