រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជន និងបេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់

22-04-2026 15:17

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារការប្រឡងសរសេរ ជ្រើសរើសបេក្ខជន និងបេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ក្នុងគោលបំណងបណ្តុះបណ្តាល និងបង្កើនសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានវិជ្ជាជីវៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពច្នៃប្រឌិត។

ពិធីបើកវិញ្ញាសារនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោក ឈុន សំណាង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍រាជធានីភ្នំពេញ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, តំណាងមន្ទីរទេសចរណ៍ រាជធានី ខេត្ត ព្រមទាំងមានការចូលរួមពីបេក្ខជន បេក្ខនារីជាច្រើន ដែលមានបំណងចូលរួមអភិវឌ្ឍខ្លួនជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍គឺជាគ្រឹះសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងការប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពោលគឺមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ទៅកាន់ភ្ញៀវទេសចរពីគ្រប់ទិសទី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែង បង្ហាញសមត្ថភាព និងគោរពតាមបទបញ្ជានៃការប្រឡង ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»៕