អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ អញ្ជើញពិធីបំពាក់ឋានន្តរស័ក្តិ ប្រគល់ប័ណ្ណសរសើរ និងសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអប់រំកែប្រែទី១

22-04-2026 16:49

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ប្រគល់ប័ណ្ណសរសើរ និងសម្ពោធអគារសាលប្រជុំការិយាល័យប្រតិបត្តិ សាលសិល្បៈ និងពហុជំនាញ ព្រមទាំងរោងវិចិត្រសិល្បៈ នៅមណ្ឌលអប់រំកែប្រែទី១។ ពិធីនេះមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែទី២ ប្រធានពន្ធនាគាររាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើររបស់ក្រសួងជូនមន្ត្រីដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច និងបានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការងារគ្រប់គ្រង សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមអង្គភាព។ សមិទ្ធផលអគារថ្មីៗ ដែលត្រូវបានសម្ពោធក្នុងឱកាសនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់បរិស្ថានការងារ ឲ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្រកែទម្រង់វិស័យពន្ធនាគារ។

លោកបានផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗ ដោយផ្តោតលើការពង្រឹងវិន័យ ការគោរពច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពការងារ។ មន្ត្រីគ្រប់រូបត្រូវអនុវត្តភារកិច្ចតាមឋានានុក្រម និងតួនាទីដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងរក្សាភាពស្មោះត្រង់ តម្លាភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំឲ្យបន្តពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង ដោយរឹតបន្តឹងវិធានការសន្តិសុខ ក្នុងការត្រួតពិនិត្យចេញ-ចូល និងទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់គ្រប់ប្រភេទ។ ការគ្រប់គ្រងជនជាប់ឃុំ ត្រូវអនុវត្តដោយមានការវាយតម្លៃហានិភ័យយ៉ាងម៉ឺងម៉ាត់ និងធានាសុវត្ថិភាពខ្ពស់នៅគ្រប់ដំណាក់កាល ដើម្បីបង្ការហានិភ័យដែលអាចកើតមាន។

ជាពិសេសលោកបានបញ្ជាក់យ៉ាងតឹងរឹងថា ត្រូវហាមឃាត់ដាច់ខាត ដោយមិនអនុញ្ញាតឲ្យមានសកម្មភាព Online Scams ឬការប្រើប្រាស់បច្ចេកវិទ្យាអនឡាញគ្រប់ប្រភេទដោយខុសច្បាប់ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដោយសារសកម្មភាពទាំងនេះបង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ រាល់អង្គភាពណាពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បន្ថែមពីនេះ លោកក៏បានផ្តោតលើការលើកកម្ពស់សុវត្ថិភាព និងអនាម័យក្នុងអគារឃុំ ការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ និងការផ្តល់សេវាសុខាភិបាលមូលដ្ឋានដល់ជនជាប់ឃុំ។ ត្រូវជំរុញ និងពង្រឹងកម្មវិធីអប់រំ វិជ្ជាជីវៈ កីឡា និងសាសនា ដើម្បីជួយស្តារនីតិសម្បទា បង្កើនជំនាញ និងលំនឹងផ្លូវចិត្តរបស់ជនជាប់ឃុំ សម្រួលដល់ការសមាហរណកម្មវិញក្នុងសង្គម បន្ទាប់ពីផុតទោស។

លោកក៏បានលើកឡើងអំពីសារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យពន្ធនាគារ ដោយជំរុញឲ្យមន្ត្រីបន្តបណ្តុះបណ្តាល និងបង្កើនសមត្ថភាពជាបន្តបន្ទាប់ ស្របតាមបច្ចេកវិទ្យា និងវិធីសាស្ត្រគ្រប់គ្រងសម័យទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារកាន់តែស្មុគស្មាញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង បង្កើនស្មារតីទទួលខុសត្រូវ និងការបម្រើការងារដោយស្មោះត្រង់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពក្នុងការអភិវឌ្ឍវិស័យពន្ធនាគារ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕