រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ទៅកាន់ភ្ញៀវទេសចរគ្រប់ទិសទី

22-04-2026 17:13

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍គឺជាគ្រឹះសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងការប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពោលគឺមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ទៅកាន់ភ្ញៀវទេសចរពីគ្រប់ទិសទី។

រដ្ឋមន្រ្តី ហួត ហាក់ ថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារការប្រឡងសរសេរ ជ្រើសរើសបេក្ខជន និងបេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាសាកលវិទ្យាល័យធនធានមនុស្ស។

ពិធីបើកវិញ្ញាសារនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ធនធានមនុស្ស, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ កម្ពុជា, លោក ឈុន សំណាង ប្រធាន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍រាជធានីភ្នំពេញ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, តំណាងមន្ទីរទេសចរណ៍ រាជធានី ខេត្ត ព្រមទាំងមានការចូលរួមពីបេក្ខជន បេក្ខនារីជាច្រើន ដែលមានបំណងចូលរួមអភិវឌ្ឍខ្លួនជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែង បង្ហាញសមត្ថភាព និងគោរពតាមបទបញ្ជានៃការប្រឡង ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។ លោកបានបង្ហាញពីគោលបំណងក្នុងការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍នេះផងដែរថា ការប្រឡងនេះធ្វើឡើងឲ្យមានវិជ្ជាជីវៈស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពច្នៃប្រឌិត៕