Fresh Exclusive: «Scambodia» ភាសាបំពានលើជាតិមួយ ដែលជាជនរងគ្រោះ (Video inside)
22-04-2026 17:20
(ភ្នំពេញ)៖ ការប្រើពាក្យ «Scambodia» ដោយសារព័ត៌មាន The Wall Street Journal បានបង្កឱ្យមានសំណួរធំមួយថា តើនេះជាការរាយការណ៍ព័ត៌មាន ឬជាការសរសេរដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ពាក្យនេះ អាចបង្កការភាន់ច្រឡំលើការយល់ដឹងសាធារណៈ និងបំប្លែងការពិភាក្សា ពីបញ្ហាដ៏ស្មុគស្មាញ ទៅជាការចោទប្រកាន់ដាក់លើជាតិមួយ ដែលកំពុងស្ថិតក្នុងតួនាទីជាជនរងគ្រោះ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហា...
នៅពេលពិភពលោក បាននិងកំពុងប្រឈមមុខដោយសារបញ្ហាកើនឡើងអំពើឧក្រិដ្ឋកម្មអនឡាញ ពាក្យមួយដែលបានលេចឡើង ក្នុងចំណងជើងរបស់កាសែតអន្តរជាតិ The Wall Street Journal គឺពាក្យ “Scambodia” កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង។ សំណួរដែលត្រូវសួរយ៉ាងតឹងរឹងក្នុងពេលនេះគឺ៖ តើពាក្យនេះជាការពិពណ៌នាពិត ឬជាការបំពានសីលធម៌សារព័ត៌មាន និងបរិហាកេរ្តិ៍ដាក់មកលើជាតិមួយ ដែលកំពុងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះ?
* Scam Online បញ្ហាសកល មិនមែនបញ្ហារបស់ប្រទេសតែមួយ
អំពើបន្លំអនឡាញ (Online Scam) មិនមែនជាបាតុភូត ដែលកើតឡើងនៅកម្ពុជាតែមួយនោះទេ។ វាជា ឧក្រិដ្ឋកម្មឆ្លងដែន (Transnational Crime) ដែលកំពុងរីករាលដាលនៅគ្រប់តំបន់លើពិភពលោក ចាប់ពីអាស៊ីអាគ្នេយ៍ ទៅអាហ្វ្រិក អឺរ៉ុប រហូតដល់សហរដ្ឋអាមេរិក។
បណ្តាញឧក្រិដ្ឋកម្មទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបន្លំជនរងគ្រោះ ដោយមិនគិតពីព្រំដែនជាតិណាមួយឡើយ។ ពួកវាដំណើរការជា បណ្តាញអន្តរជាតិមានរចនាសម្ព័ន្ធស្មុគស្មាញ ដែលអាចផ្លាស់ទីមូលដ្ឋាន ប្រតិបត្តិការ និងកម្លាំងមនុស្សពីប្រទេសមួយទៅមួយបានយ៉ាងលឿន ដើម្បីគេចផុតពីការតាមដាន និងការបង្ក្រាបរបស់អាជ្ញាធរ។
តាមការវាយតម្លៃរបស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មនិងគ្រឿងញៀន United Nations Office on Drugs and Crime និងប៉ូលីសអន្តរជាតិ INTERPOL បានបញ្ជាក់ថា អំពើបន្លំអនឡាញ និងការបោកប្រាស់តាមបច្ចេកវិទ្យា គឺជាប្រភេទឧក្រិដ្ឋកម្មដែលកំពុងកើនឡើងលឿនបំផុតមួយនៅលើពិភពលោក និងមានលក្ខណៈស្មុគស្មាញខ្ពស់ ព្រោះវាពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជនច្រើនប្រទេស។
ជាក់ស្តែង តាមអេហ្វប៊ីអាយ Federal Bureau of Investigation បានរាយការណ៍ថា ក្នុងឆ្នាំ ២០២៤ ជនរងគ្រោះនៅសហរដ្ឋអាមេរិក បានបាត់បង់លុយជាង ១០ពាន់លានដុល្លារ ពីអំពើបន្លំអនឡាញ។ ខណៈដែលអង្គការ Global Anti-Scam Alliance ប៉ាន់ប្រមាណថា ជនរងគ្រោះទូទាំងពិភពលោក អាចបាត់បង់លុយលើស ១ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ការិយាល័យអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មនិងគ្រឿងញៀន បានបង្ហាញទៀតថា បណ្តាញបន្លំនេះអាចរកចំណូលបានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
ក្នុងន័យនេះ ការភ្ជាប់ឈ្មោះប្រទេសណាមួយជាមួយឧក្រិដ្ឋកម្មបែបនេះ មិនត្រឹមតែជាការបង្កបញ្ហាដ៏ស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែអាចនាំឲ្យមានការយល់ច្រឡំថា ឧក្រិដ្ឋកម្មឆ្លងដែននេះ បែរជាត្រូវកំណត់អត្តសញ្ញាណជាតិមួយ ដោយកាសែត The Wall Street Journal ទៅវិញ។
ភាពជាក់ស្តែងដែលផ្អែកតាមរបាយការណ៍អន្តរជាតិនេះ បានបង្ហាញថា បណ្តាញបន្លំអនឡាញអាចប្រើប្រាស់មនុស្សពីប្រទេសមួយ ឱ្យធ្វើប្រតិបត្តិការនៅប្រទេសទីពីរ និងបន្លំជនរងគ្រោះនៅប្រទេសទីបី។ នេះបង្ហាញថា បញ្ហានេះមានលក្ខណៈ អន្តរជាតិ មិនអាចកំណត់ជាតិរបស់ប្រទេសណាមួយបានឡើយ។ ដូច្នេះ ការប្រើពាក្យដែលភ្ជាប់ឈ្មោះប្រទេសមួយ ជាមួយអំពើបន្លំ គឺជាការប្រើភាសាដែលអាចបង្កស្នាមឈឺចាប់ បំភាន់ការយល់ដឹងសាធារណៈ និងបំប្លែងការពិភាក្សាពីបញ្ហាពិត ទៅជាការចោទប្រកាន់ដាក់មកលើជាតិមួយដែលជាជនរងគ្រោះទៅវិញ។
* កម្ពុជាជាប្រទេស «អ្នកប្រយុទ្ធ» មិនមែន «កប្រព្រឹត្ត»
អំពើបន្លំអនឡាញ (Online Scam) ជាបាតុភូតថ្មីមួយសម្រាប់កម្ពុជា ដែលមិនធ្លាប់ជួបប្រទះ ឧក្រិដ្ឋកម្មបែបនេះឡើងក្នុងសម័យអតីតកាលឡើយ។ ប៉ុន្តែក្រោយពីមានការរកឃើញនូវសកម្មភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាជាពិសេសរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ និងពង្រឹងយន្តការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។
វិធានការបង្ក្រាបទាំងនោះរួមមាន៖
- ការចូលឆ្មក់ និងបង្ក្រាបទីតាំងសង្ស័យជាច្រើនកន្លែង
- ការចាប់ខ្លួន និងផ្តន្ទាទោសមន្ត្រី ឬបុគ្គលដែលពាក់ព័ន្ធ
- ការបណ្តេញចេញពីមុខតំណែង និងយកទៅកាត់ទោសតាមច្បាប់
- កិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបញ្ជូនជនបរទេសពាក់ព័ន្ធច្រើនម៉ឺននាក់ វិលត្រឡប់ទៅប្រទេសដើមវិញ។
វិធានការទាំងនេះ បង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ របស់កម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម និងរក្សាសុវត្ថិភាពសង្គម។
ក្នុងបរិបទអន្តរជាតិ អង្គការនានាដូចជាប៉ូលីសអន្តរជាតិ INTERPOL និងការិយាល័យអង្គការ សហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មនិងគ្រឿងញៀន ក៏បានលើកឡើងដែរថា អំពើបន្លំអនឡាញ ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារការសហការរវាងប្រទេសជាច្រើន មិនអាចដោះស្រាយដោយប្រទេសតែមួយបានឡើយ។ នេះមានន័យថា កម្ពុជា ដូចជាប្រទេសដទៃទៀត កំពុងស្ថិតនៅក្នុងតួនាទីជា អ្នករងគ្រោះ និងអ្នកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម មិនមែនជាប្រទេសដែលបង្កើត ឬគាំទ្រអំពើខុសច្បាប់នោះឡើយ។
ជាក់ស្តែង បណ្តាញឧក្រិដ្ឋកម្មទាំងនេះ ជាបណ្តាញអន្តរជាតិ ដែលប្រើប្រាស់មនុស្សពីប្រទេសផ្សេងៗ ហើយផ្លាស់ទីមូលដ្ឋានប្រតិបត្តិការជាញឹកញាប់ ដើម្បីគេចផុតពីការបង្ក្រាប។ ដូច្នេះ ការបង្ហាញប្រទេសណាមួយថាជា «ប្រភព» នៃបញ្ហា គឺជាការមិនពេញលេញ និងអាចបំប្លែងការយល់ដឹងពីសភាពពិតរបស់វា។ ដូច្នេះ តួនាទីពិតរបស់កម្ពុជា គួរត្រូវបានយល់ឱ្យត្រឹមត្រូវថា៖ ជាប្រទេសមួយដែលកំពុងប្រយុទ្ធយ៉ាងសកម្ម ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញ និងការពារសង្គមរបស់ខ្លួន និងសហគមន៍អន្តរជាតិ។
* សីលធម៌សារព័ត៌មាន៖ តើ «Scambodia» លើសកម្រិតក្រមសីលធម៌ដែរឬទេ?
តាមស្តង់ដារអន្តរជាតិ ដូចជាអង្គការ Society of Professional Journalists និង UNESCO ព្រមទាំងស្ថាប័នសារព័ត៌មានអន្តរជាតិជាច្រើន សារព័ត៌មាន ត្រូវគោរពគោលការណ៍មូលដ្ឋានរបស់វា ដូចជា៖
- ភាពត្រឹមត្រូវ (Accuracy) ត្រូវឆែកពិនិត្យការពិតឱ្យបានច្បាស់
- តុល្យភាព និងយុត្តិធម៌ (Fairness) ត្រូវបង្ហាញរកទស្សនៈពីភាគីផ្សេងៗដោយសមស្រប
- ការកាត់បន្ថយអន្តរាយ (Minimize Harm) ត្រូវជៀសវាងការបង្កស្លាកសញ្ញា ការរើសអើង ឬការប៉ះពាល់ដល់កិត្តិយសបុគ្គល និងសហគមន៍។
គោលការណ៍ទាំងនេះ មានន័យថា សារព័ត៌មាន មិនត្រឹមតែត្រូវ “ប្រាប់នូវការពិត” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ ប្រាប់ដោយការទទួលខុសត្រូវ និងគោរពសង្គម។
ក្នុងបរិបទនេះ ការប្រើពាក្យ «Scambodia» គឺជាភាសាដែលបង្កឱ្យមានការភាន់ច្រឡំមកលើប្រទេសជាតិមួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់នេះ, បង្កការឈឺចាប់ដាក់លើជាតិមួយទាំងមូលដែលជាអ្នករងគ្រោះ និងថែមទាំងមិនបែងចែករវាងអ្វីជា «ឧក្រិដ្ឋជន» និង អ្វីជា «ប្រទេសរងគ្រោះ» នោះឡើយ។
លើសពីនេះ វាក៏អាចប៉ះពាល់ដល់គោលការណ៍ “Minimize Harm” ព្រោះការប្រើពាក្យបែបនេះ អាចបង្កអារម្មណ៍រើសអើង ឬបំភាន់ទស្សនៈសាធារណៈចំពោះជាតិមួយទាំងមូល។ ក្នុងករណីនេះ ការប្រើពាក្យ “Scambodia” អាចត្រូវបានយល់ថា លើសកម្រិតនៃការរាយ ការណ៍ធម្មតា ហើយមានហានិភ័យចាកឆ្ងាយពីក្រមសីលធម៌សារព័ត៌មាន ព្រោះវាប្រែបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ មកជាការកំណត់អត្តសញ្ញាណមកលើជាតិមួយ។
* មូលដ្ឋានផ្លូវច្បាប់ តើជាអំពើបរិហាកេរ្តិ៍ដែរឬទេ?
តាមគោលការណ៍ច្បាប់ទូទៅ នៅក្នុងប្រព័ន្ធច្បាប់ជាច្រើន «បរិហាកេរ្តិ៍» (Defamation) គឺសំដៅលើ ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវអំពីបុគ្គលដ៏ជាក់លាក់ ដែលបណ្តាលឱ្យខូចខាតកេរ្តិ៍ឈ្មោះរបស់បុគ្គលនោះ។ ដូច្នេះ ក្នុងន័យច្បាប់បច្ចុប្បន្ន ទោះបីប្រទេស ឬជាតិមួយទាំងមូល មិនមែនជាវត្ថុគោលដៅធម្មតានៃបណ្តឹងបរិហាកេរ្តិ៍ ដូចបុគ្គល ឬអង្គភាពឯកជនក៏ដោយ ប៉ុន្តែមិនមានន័យថា វាមិនបង្កផលប៉ះពាល់ផ្លូវច្បាប់ ឬផ្លូវអន្តរជាតិដទៃទៀតទេ។
ការប្រើពាក្យបែបនេះ អាចនាំឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាភាពប៉ះពាល់កេរ្តិ៍ឈ្មោះជាតិ Damage to national reputation, ប៉ះពាល់សេដ្ឋកិច្ច និងទេសចរណ៍ Economic harm និងបង្កភាពតានតឹងផ្លូវការទូត Diplomatic concern ជាដើម។ បើយោងតាមគោលការណ៍អន្តរជាតិដូចអ្វីដែលអង្គការសហប្រជាជាតិបានលើកឡើងអំពី ការគោរពអធិបតេយ្យភាព និងកិត្តិយសរដ្ឋ ការប្រើពាក្យប្រមាថជាតិកម្ពុជាបែបនេះ អាចបង្កភាពតានតឹងក្នុងទំនាក់ទំនងអន្តរជាតិ។ ដូច្នេះបើទោះបីជាមានសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានក៏ដោយ, សេរីភាពនៃការប្រើភាសាដាក់មកលើប្រទេសមួយបែបនេះ ត្រូវតែអនុវត្តក្នុងក្របខណ្ឌនៃ ការទទួលខុសត្រូវ និងការគោរពប្រទេសដទៃ។
* ប្រវត្តិសាស្ត្រ និងសីលធម៌
កម្ពុជា ជាប្រទេសមួយ ដែលបានឆ្លងកាត់វិបត្តិធ្ងន់ធ្ងរជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីសង្គ្រាមស៊ីវិលយូរឆ្នាំ ដែលបន្តរយៈពេលជិតបីទសវត្សរ៍ មកដល់ដំណាក់កាលបញ្ចប់ដោយនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការរួបរួមជាតិឡើងវិញ, កម្ពុជា បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រទេស និងកសាងស្ថិរភាពសង្គមនិងសេដ្ឋកិច្ច។
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ កម្ពុជា បានអភិវឌ្ឍខ្លួនពីប្រទេសក្រោយសង្គ្រាម ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនជាបន្តបន្ទាប់។ ទោះបីជាក្នុងបរិបទតំបន់ និងពិភពលោក កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងសម្ពាធថ្មីៗ ក៏ដោយ កម្ពុជា នៅតែបន្តរក្សាភាពរឹងមាំ និងការសាមគ្គីជាតិ ក្នុងការពារអធិបតេយ្យភាព និងអភិវឌ្ឍប្រទេស។
ក្នុងបរិបទនេះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ក៏ជាផ្នែកមួយនៃការខិតខំរបស់រដ្ឋាភិបាល និងសង្គមទាំងមូល ដើម្បីរក្សាសុវត្ថិភាពសង្គម និងការគ្រប់គ្រងច្បាប់ក្នុងសម័យឌីជីថល។ដូច្នេះ ការប្រើពាក្យ “Scambodia” មិនត្រឹមតែជាការវាយប្រហារពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានយល់ថា ជាការមិនគោរពដល់ ប្រវត្តិសាស្ត្រដែលពោរពេញដោយការលះបង់ ដំណើរការស្តារសន្តិភាព និងការរួបរួមជាតិ និងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងរដ្ឋាភិបាលក្នុងការកសាងអនាគតប្រទេសកម្ពុជា។
ក្នុងន័យសីលធម៌ ការប្រើភាសាបែបនេះ មិនត្រឹមតែបំភាន់ការយល់ដឹងអំពីបញ្ហាបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រើពាក្យបមាថ ដែលមើលរំលងតម្លៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិមួយ ដែលមានវប្បធម៌ និងអរិយធម៌រុងរឿង និងកំពុងបន្តអភិវឌ្ឍក្នុងសតវត្សទី២១នេះថែមទៀត។
* សេចក្តីសន្និដ្ឋាន៖ ពាក្យមួយ អាចបង្ករបួសធំ
ពាក្យ “Scambodia” មិនមែនជាពាក្យធម្មតាទេ។ វាជាពាក្យដែលអាចបង្កការភាន់ច្រឡំ និងបំភាន់ការយល់ដឹងសាធារណៈ ដោយបម្លែងបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ មកជាការភ្ជាប់អត្តសញ្ញាណទៅលើជាតិមួយ។ ក្នុងន័យនេះ ការប្រើពាក្យ “Scambodia” ដោយ The Wall Street Journal អាចត្រូវបានមើលឃើញថា ជាការប្រើភាសា ដែលលើសកម្រិតនៃស្តង់ដារសារព័ត៌មាន និងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ។
ក្នុងបរិបទដែលកម្ពុជា កំពុងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនអនឡាញយ៉ាងសកម្ម, ការរាយការណ៍ព័ត៌មានគួរតែមានតុល្យភាព (Balance), ផ្អែកលើភស្តុតាង (Evidence-based) និងគោរពកិត្តិយស និងអធិបតេយ្យភាពរបស់ប្រទេស។
ហេតុអ្វី? ព្រោះសារព័ត៌មានមិនត្រឹមតែមានភារកិច្ច «ប្រាប់ការពិត» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រាប់ការពិតដោយការទទួលខុសត្រូវ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងវិស័យសារព័ត៌មាន មានឃ្លាមួយដែលបង្រៀនថា៖ «ពាក្យមួយ អាចបង្កើតការយល់ដឹង ប៉ុន្តែ ក៏អាចក្លាយជាអាវុធ បំផ្លាញកិត្តិយសជាតិមួយបានដែរ បើសិនជាការសរសេរខ្វះការ ទទួលខុសត្រូវ»៕












