មេអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រជុំដាក់ផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់នាយឧត្តមសេនីយ៍សៅ សុខា «៥មិន ៥ត្រូវ»
22-04-2026 21:05
(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំជួបជុំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្ត ដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពការងារសំខាន់ៗសម្រាប់អនុវត្តន៍ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលត្រូវអញ្ជើញមកបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
លើកឡើងក្នុងកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា
បានណែនាំឱ្យកម្លាំងជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ស្មារតីម្ចាស់ការ និងសហការគ្នាឱ្យបានស្អិតរមួត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ១០០% ជូនថ្នាក់ដឹកនាំ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានពាំនាំនូវបទបញ្ជា និងសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានរំលឹក និងជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវក្តាប់ឱ្យជាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ «៥មិន ៥ត្រូវ»។
ការដាក់ចេញនូវគោលការណ៍នេះ គឺជាការពង្រឹងបន្ថែមនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើកងរាជអាវុធហត្ថ និងដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកក្នុងខេត្តត្បូងឃ្មុំទាំងមូល។
បន្ថែមពីនេះ លោកមេបញ្ជាការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំនាពេលកន្លងមក និងបានក្រើនរំលឹកត្រូវបន្តរក្សាវិន័យ សេចក្តីថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាពកងរាជអាវុធហត្ថឱ្យកាន់តែប្រសើរឡើងថែមទៀត៕















