កម្ពុជា និងចិន ឯកភាពគ្នាដំឡើងកិច្ចសន្ទនាពី «២+២» ទៅជា «៣+៣» និងប្តេជ្ញាពង្រឹងឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទាំងឡាយ (Video inside)

23-04-2026 10:48

(ភ្នំពេញ)៖ កម្ពុជា និងចិន បានឯកភាពគ្នាដំឡើងឯកភាពគ្នាដំឡើងកិច្ចសន្ទនាពី «២+២» ទៅជា «៣+៣» ដោយមានការ​ចូលរួមពីក្រសួងមហាផ្ទៃរបស់កម្ពុជា និង​ក្រសួង​សន្តិសុខសាធារណៈរបស់ចិន ថែមលើ​ក្រសួង​ការបរទេស និងក្រសួងការពារ​ជាតិ។ កម្ពុជា និងចិន ក៏បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហ​ប្រតិ​បត្តិ​ការ​ជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល។

កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា និងចិន ត្រូវបានរៀបចំ​ឡើង​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះ ត្រូវបានដឹកនាំ​ខាងកម្ពុជា ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ ឯខាងភាគីចិន គឺដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏​សំ​ខាន់​មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការ​ប្ដេជ្ញាចិត្តរួម​របស់ភា​គី​ទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍​វាសនា​រួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

យោងតាមលទ្ធផលនៃកិច្ចពិភាក្សាដែលបង្ហាញដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចសន្ទនានេះ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់​លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំ​កាន់​តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំ​ទ្រ​ឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំ​ទ្រ​យ៉ាងមុតមាំចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកល​ទាំង​បួន ដែលបានដាក់ចេញដោយដកជាខ្លo ប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការអភិវឌ្ឍ សន្តិ​សុខ អរិយធម៌និងអភិបាលកិច្ច។

កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិ​សុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរ​បាន​សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹង​ទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់​មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្រប​សម្រួល​គោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុង​កើតមាន​ឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។

ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួម​ពី​ក្រសួង​មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារ​ណៈរដ្ឋ​ប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមាន​សក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៍ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជា​ជន និងប្រជាជន ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹង​បន្តជំរុញឱ្យមានលទ្ធផលជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមក​សម្រាប់​ប្រទេស និងប្រជាជនទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវ​ភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់​វិបុលភាព​នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕