ក្រសួងការងារ បន្តកិច្ចសហការជាមួយគ្រឹះស្ថានអប់រំជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

23-04-2026 11:50

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL & ELBML) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាល និងការអនុវត្តកម្មសិក្សាការងារសម្រាប់និស្សិត ក្រោមអធិបតីភាពលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនេះនឹងបង្កើតកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍រួមរវាងភាគីទាំងពីរ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងការរៀបចំវគ្គបណ្តុះបណ្តាលនានាស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តលក្ខខណ្ឌការងារ កិច្ចសន្យាការងារ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីចូលរួមលើកកម្ពស់ការត្រៀមខ្លួនរបស់សិស្ស និសិ្សតមុនចូលទីផ្សារការងារ។

ក្រោមកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានជាតិការងារនឹងផ្តល់ឱកាសឱ្យសិស្ស និស្សិតចុះកម្មសិក្សាការងារ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងលើការអនុវត្តបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនគុណភាពអប់រំ និងលើកកម្ពស់ការផ្សាភ្ជាប់រវាងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងបង្កើនឱកាសការងារសម្រាប់យុវជនកម្ពុជា៕