ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ប្រាប់ TVB News ថា កម្ពុជា ជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ មិនមែនជាមូលដ្ឋានឧក្រិដ្ឋកម្មដូចការលាបពណ៌ឡើយ
23-04-2026 13:53
(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានប្រាប់ទូរទស្សន៍ TVB News របស់ហុងកុង មួយនេះថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ មិនមែនជាមូលដ្ឋានឧក្រិដ្ឋកម្មដូចការលាបពណ៌ឡើយ។ ការបញ្ជាក់បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានសមាគម ផ្តល់បទសម្ភាសន៍ពិសេសផ្តាច់មុខដល់ TVB News របស់ហុងកុង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន។
ក្នុងបទសម្ភាសន៍លោក ឯក សំអុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុវត្តវិធានការយ៉ាងតឹងរឹង ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា រួមទាំងកិច្ចសហការជាមួយអាជ្ញាធរចិន ដើម្បីចាប់ខ្លួនមេខ្លោង និងបញ្ចូនទៅអនុវត្តច្បាប់ថែមទៀតផង។ លើសពីនេះ លោកប្រធានសមាគម បានរំលេចយ៉ាងច្បាស់ពីខ្លឹមសារច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាត្រីវិស័យដ៏សំខាន់ដល់ការបង្ក្រាបនិងលុបបំបាត់ឧក្រិដ្ឋកម្មនេះអោយអស់ពីកម្ពុជា។
ជាមួយគ្នានេះ ប្រតិបត្តិការបង្ក្រាបបាននាំឲ្យបរិយាកាសសង្គមមានសុវត្ថិភាព និងធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករមានភាពជឿជាក់ឡើងវិញ។ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន សង្ឃឹមថា ការផ្សាយរបស់ TVB News នឹងជួយបង្ហាញភាពពិត និងភាពស្អាតស្អំរបស់កម្ពុជា ទៅកាន់សាធារណជនអន្តរជាតិ ហើយតាមរយៈ TVB News លោកប្រធាន សង្ឃឹមថា វិនិយោគគិនចិន និងទេសចរជនជាតិចិន កាន់តែច្រើនមកវិនិយោគ និងមកទស្សនាកម្ពុជា ស្របពេលដែលវិនិយោគិនចិនកំពុងឈរលំដាប់ទី១ នៅក្នុងបញ្ជីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕









