ក្នុងជំនួបជាមួយរដ្ឋមន្រ្តី ហួត ហាក់, ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប ប្តេជ្ញាចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
23-04-2026 13:59
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកស្រីឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការស្នើសុំចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ។
ក្នុងជំនួបពិភាក្សានេះ លោកស្រីឧកញ៉ា គោរពជម្រាបជូនលោករដ្ឋមន្រ្តី អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយក្រសួងក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានបានស្វាគមន៍ និងគាំទ្រនូវប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហសម្រាប់ការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងទាក់ទាញលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្តឱ្យមានការសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមជាមួយក្រសួងក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតផងដែរ៕














