អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យជំរុញការងារស្តារប្រឡាយ ២ខ្សែ ប្រវែងជាង ១គីឡូម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ
23-04-2026 14:34
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារដាក់គ្រឿងចក្រស្តារប្រឡាយ ១ខ្សែ ពីភូមិរបោះអង្កាញ់ ទៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ដែលមានប្រវែងជាង ៨០០ម៉េត្រ និងប្រឡាយព្រែកបារាំង ១ខ្សែទៀត ក្នុងភូមិបឹងឈូក សង្កាត់និរោធ ប្រវែងជាង ៥០០ម៉ែត្រ។
ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពការស្តារប្រឡាយខាងលើនេះ លោក ម៉ូវ ម៉ានិត បានជំរុញឱ្យក្រុមការងារធ្វើយ៉ាងណា ចុះធ្វើការសម្របសម្រួល និងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះឱ្យបានជោគជ័យ ទៅតាមគម្រោងដែលបានគ្រោងទុក ដោយហេតុថាប្រឡាយខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីភូមិឋាន។
បន្ថែមពីលើនេះទៀត លោកអភិបាលខណ្ឌក៏បានជំរុញឱ្យក្រុមការងារស្តារក៏ដូចជាស្ថាបនាប្រឡាយនេះឱ្យបានលឿន ហើយចំពោះផលប៉ះពាល់នឹងធ្វើការដោះស្រាយតាមក្រោយ សំខាន់គឺការស្ដារប្រឡាយនេះឱ្យរួចរាល់ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ៕























