* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន អញ្ជើញចាកចេញពីកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា (Video inside)

23-04-2026 14:52

(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិ​របស់​ចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ​ដ៏មាន​សារៈសំខាន់នៅកម្ពុជា​រយៈ​ពេល​ពីរថ្ងៃ។ លោក វ៉ាង យី និងលោក តុង ជុន ពេលអញ្ជើញ​ពី​ចិន មកកម្ពុជា គឺធ្វើដំណើររួមគ្នា តែពេលចេញទៅវិញមិនចេញរួមគ្នានោះទេ ព្រោះមានទិសដៅផ្សេងគ្នា។

លោក តុង ជុន បានអញ្ជើញចាកចេញពីកម្ពុជា កាលពីព្រឹកមិញនេះ ដោយឡែកលោក វ៉ាង យី អញ្ជើញចាកចេញពីកម្ពុជានៅរសៀលថ្ងៃនេះ ហើយបន្តដំណើរឆ្ពោះទៅកាន់​ប្រទេសថៃ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញមកដល់​កម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ដំណើរមកកាន់ប្រទេសកម្ពុជា​នាពេល​នេះ ដើម្បីចូលរួមកិច្ចសន្ទនាពិសេសជាលើកដំបូងរវាងកម្ពុជា និងចិន ដែលហៅថា កិច្ច​សន្ទនា «២+២» ដែលជាកិច្ចប្រជុំរួមគ្នារវាងក្រសួងការបរទេស និងក្រសួងការពារជាតិ​នៃប្រទេសទាំងពីរ។

នៅថ្ងៃម្សិលមិញនេះ ក្រៅពីការចូលរួមក្នុងកិច្ចសន្ទនាពិសេសហើយនោះ លោក វ៉ាង យី និងលោក តុង ជុន ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

នៅព្រឹកថ្ងៃទី២៣ ខែមេសា នេះ លោក វ៉ាង យី ក៏បានផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា ដោយជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហើយក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏​សំ​ខាន់​មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការ​ប្ដេជ្ញាចិត្តរួម​របស់ភា​គី​ទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍​វាសនា​រួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

យោងតាមលទ្ធផលនៃកិច្ចពិភាក្សាដែលបង្ហាញដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចសន្ទនានេះ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់​លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំ​កាន់​តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំ​ទ្រ​ឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំ​ទ្រ​យ៉ាងមុតមាំចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកល​ទាំង​បួន ដែលបានដាក់ចេញដោយដកជាខ្លo ប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការអភិវឌ្ឍ សន្តិ​សុខ អរិយធម៌និងអភិបាលកិច្ច។

កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិ​សុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរ​បាន​សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹង​ទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់​មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្រប​សម្រួល​គោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុង​កើតមាន​ឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។

ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួម​ពី​ក្រសួង​មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារ​ណៈរដ្ឋ​ប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមាន​សក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៍ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជា​ជន និងប្រជាជន ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹង​បន្តជំរុញឱ្យមានលទ្ធផលជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមក​សម្រាប់​ប្រទេស និងប្រជាជនទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវ​ភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់​វិបុលភាព​នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕