ជនពិការភ្នែកទាំងសងខាងចំនួន៤នាក់ នៅស្រុកកំពង់លែង ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារសប្បុរសធម៌សម្ដេចតេជោ-ធិបតី
23-04-2026 14:55
(កំពង់ឆ្នាំង)៖ ជនមានពិការភ្នែកចំនួន៤នាក់ ដែលមានជីវភាពខ្វះខាត និងថែមទាំងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រស់នៅក្នុងភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារ សប្បុរសធម៌របស់សម្ដេចតេជោ-ធិបតី ដែលបានជួយឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងបានដឹកយកពួកគាត់ទាំង៤នាក់ ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ពលរដ្ឋក្រីក្រ និងមានជំងឺប្រចាំកាយថែមទាំងពិការភ្នែកទាំងសងខាងនេះមាន៖
*ទី១៖ ឈ្មោះ ប៊ី សុ ខ ភេទប្រុស អាយុ៤២ ឆ្នាំពិការភ្នែកទាំងសងខាង,
*ទី២៖ ឈ្មោះ អេង ចេង ភេទស្រី អាយុ៦២ឆ្នាំ មានជំងឺខ្វាក់មាន់ និងកើតរោគរបេង
*ទី៣៖ ឈ្មោះ ហៀក ហុន ភេទប្រុស អា យុ៤០ឆ្នាំ ពិការភ្នែកទាំងសងខាង
*ទី៤៖ ឈ្មោះ ហ៉ឹម វ៉ុន ភេ ទស្រី អាយុ៦៤ឆ្នាំ (មានជំងឺទឹកនាំផ្អែមធ្ងន់ធ្ងរ និងវះកាត់ភ្នែក) ពួកគាត់មានទីលំនៅក្នុងភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារសប្បុរសធម៌របស់សម្ដេចតេជោ-ធិបតី បាននាំយកអំណោយមកផ្ដល់ជូនប្រជាពលរដ្ឋក្នុងឃុំច្រណូកស្រុកកំពង់លែងចំនួន២៣០គ្រួសារ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កន្លងមក លោកបានឃើញពួកគាត់ជាជនពិការភ្នែកទាំងសងខាង មានជីវភាពខ្វះខាតថែមទាំងមានជំងឺប្រចាំកាយទៀតផងនោះ ក៏មានការអាណិតអាសូរ។
ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើជាមួយការដឹកយកពួកគាត់ទាំង៤នាក់ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយលោកប្រធានរង់ចាំទទួលនៅទីនោះស្រាប់។
លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក និងក្រុមការងាររដ្ឋបាលស្រុកកំពង់លែង បាននាំយកពលរដ្ឋទាំង៤រូប ដូចបានរៀបរាប់ខាងលើ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺរបស់ពួកគាត់រយៈពេលពេ ញមួយថ្ងៃរួចមក ក្រុមការងារសប្បុរសធម៌សម្ដេចតេជោ-ធិបតី ក៏បានអញ្ជើញពួកគាត់ទទួលទានអាហារ និងបានជូនដំណើរពួកគាត់ឡើងរថយន្តត្រឡប់មកលំនៅដ្ឋានវិញប្រកបដោយក្តីអាណិតអាសូរ៕















