ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅស្រុកស្វាយលើ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

23-04-2026 15:58

(សៀមរាប)៖ លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅស្រុកស្វាយលើ ខេត្តសៀមរាប។ ក្នុងនោះរលំផ្ទះចំនួន ៤គ្រួសារ និងប៉ះពាល់ធ្ងន់ ៣៦គ្រួសារ។

ក្នុងឱកាសនោះ លោក គុជ លីណា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកអ្នកណាម្នាក់ចោលឡើយ» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»

លោកបានបន្តថា ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបន្តថា អំណោយមនុស្សធម៌ទាំងអស់នេះ គឺបានមកពីការកៀងគររកមូលនិធិពីសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ ឧសភា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តែងតែធ្វើលិខិតអំពាវដើម្បីសុំការ បរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ សម្រាប់ទ្រង់ទ្រង់រាល់សកម្មភាពរបស់សាខា។

លោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីទាំងអស់ ដែលបានខិតខំជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងមូលដ្ឋាន។

អំណោយដែលផ្ដល់ជូនក្នុង១គ្រួសារ ទទួលបានរួមមាន៖ ពលរដ្ឋរងគ្រោះរបើកដំបូលផ្ទះ មាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា ១, ស័ង្កសី ១០សន្លឹក និងថវិកាមួយចំនួន។ ចំពោះគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុង ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា ១, ស័ង្កសី ១៦សន្លឹក និងថវិកាមួយចំនួនផងដែរ៕