ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award នៅសហរដ្ឋអាមេរិក
23-04-2026 16:36
(អាមេរិក)៖ ក្រុមនិស្សិតមកពីកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award សម្រាប់សារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង៨០០ មកពីជាង១០០ប្រទេស នៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីប្រកួតសវនាការ ប្រតិដ្ឋនីតិអន្តរជាតិ សាធារណៈ Philip C. Jessup International Law Moot Court Competition ដែលប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០២៦។
ពានរង្វាន់ Richard R. Baxter Award ត្រូវបានដាក់ឈ្មោះដើម្បីអបអរសាទរ និងរំលឹកដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើមមួយរូប។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់ក្រុមនិស្សិតដែលមានស្នាដៃឆ្នើមក្នុងការសរសេរសារណាការពារក្ដី។
ការប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសារធារណៈ Philip C. Jessup គឺយកតាមគំរូតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនិស្សិតត្រូវដើរតួ ជាមេធាវីតំណាងរដ្ឋភាគីនៅក្នុងសវនាការ ដោយរៀបចំឯកសារជាសារណាការពារក្ដីជាលាយលក្ខណ៍អក្សរ និងការទាញហេតុផលដោយផ្ទាល់មាត់នៅចំពោះមុខចៅក្រម។
នៅក្នុងឆ្នាំ២០២៦នេះ ប្រធានបទទាំង ៤ នៃការប្រកួតនេះ គឺ (១) ការចូលរួមអន្តរាគមន៍ក្នុងនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិដោយរដ្ឋភាគីទី៣ (២) សិទ្ធិរបស់ជនជាតិភាគតិច លើដីនិងធនធានរ៉ែកម្រ (៣) អានុភាពនៃអាជ្ញាអស់ជំនុំក្នុងច្បាប់អន្តរជាតិ និង (៤) អភ័យឯកសិទ្ធិរបស់សហគ្រាសរដ្ឋ។
សមិទ្ធិផលរបស់ក្រុមនិស្សិតទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់និស្សិតដែលជាសមាជិកក្រុមរួមមាន៖ កញ្ញា ជិន គីមអ៊ី លោក ពុំ ច័ន្ទទេព លោក ហុក ស្រ៊ុនហេង កញ្ញា ឈិន សុខរូស្សា និងកញ្ញា ទិព្វ ឧស្សា គួបផ្សំនឹងការបង្វឹក និងបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូដឹកនាំ លោក មាស អទិទេព និងជំនួយការគ្រូដឹកនាំ រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សច្បងជាច្រើនរូបទៀតពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចែករំលែកបទពិសោធន៍ និងគន្លឹះដល់បេក្ខជនប្រកួត។
ជោគជ័យដ៏អស្ចារ្យនេះ គឺជាមោទកភាពយ៉ាងខ្លាំងសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានឈរលើឆាកអន្តរជាតិ និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងឧត្តមភាពក្នុងការអប់រំនិងបណ្តុះបណ្តាលផ្នែកច្បាប់របស់សាកលវិទ្យាល័យ៕









