អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីជំនាញ និងចៅសង្កាត់ទាំង៥ បើកយុទ្ធនាការសម្អាតស្តារអណ្តូងលូ ដើម្បីត្រៀមរំដោះទឹកភ្លៀងនៅខែវស្សា ខាងមុខនេះ

23-04-2026 17:03

(ភ្នំពេញ)៖ ទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងខ្លាំង នៅតាមភូមិអ្នកស្រុកនោះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីជំនាញ និងចៅសង្កាត់ទាំង៥ បើកយុទ្ធនាការសម្អាតស្តារអណ្តូងលូ ដើម្បីត្រៀមរំដោះទឹកភ្លៀងនៅខែវស្សា ខាងមុខនេះ។

ខណៈដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រព័ន្ឋលូបង្ហូរ ទឹកមានសភាពកកស្ទះ ទឹកមិនសូវហូរលឿន ដូចមុនៗ និងតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានី លោកក៏បានដឹកនាំចៅសង្កាត់ កម្លាំងប្រជាការពារភូមិ ចុះស្តារប្រព័ន្ឋលូ នៅក្នុងមូលដ្ឋាន គ្រប់ៗភូមិ ដោយមិនចាំតែនៅពេលមានភ្លៀងធ្លាក់ ហើយទឹកជន់លិចផ្លូវ លិចផ្ទះប្រជាពលរដ្ឋ ទើបនាំគ្នាចុះស្តារនោះទេ គឺថា លោកតែងតែដឹកនាំ កម្លាំងធ្វើការស្តារគ្រប់ទាំងអស់។

លោកបន្តថា កម្លាំងប្រជាការពាររបស់លោក ពេលយប់ដើរល្បាត ក្នុងមូលដ្ឋានជាមួយនគរបាលហើយនៅពេលថ្ងៃ កម្លាំងទាំងនេះ ចុះធ្វើការងារផ្សេងៗទៀត ដូចជាពេលនេះ កម្លាំងប្រជាការពារ បាននិងកំពុងធ្វើកិច្ចការចុះស្តារប្រព័ន្ឋលូរំដោះទឹកជាដើម។

ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពប្រព័ន្ឋលូ គម្របលូ អណ្តូងនេះ ប្រឡាយខាងលើនេះ លោក ធឹម សំធាន បានជំរុញឲ្យក្រុមការងារ ពិសេសចៅសង្កាត់ធ្វើយ៉ាងណា ចុះធ្វើការសម្របសម្រួល និងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារ ដើម្បីបើកគម្របលូកាយសំរាម ស្ដារអណ្តូងលូនេះ ឲ្យបានជោគជ័យ ទៅតាមគម្រោងដែលបានគ្រោងទុក ដោយហេតុថា ប្រព័ន្ឋលូបង្ហូទឹកនេះ មានសារៈសំខាន់ណាស់ ក្នុងការលំហូរទឹកចេញពីភូមិឋាន ទៅកាន់ប្រឡាយមេ។

ជាមួយគ្នានេះ លោក ធឹម សំអាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមផ្ទះទាំងអស់ មិនត្រូវចោលសំរាម ផ្តេសផ្តាស នាំឲ្យមានការស្ទះលូនោះទេ ត្រូវមានការទុកសំរាម ឲ្យបានត្រឹមត្រូវ ដើម្បីបង្កាការកកស្ទះ ឬជន់លិចតទៅទៀត៕