អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងមានវិធានការក្តៅ ចំពោះការដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈ ដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ
23-04-2026 17:03
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ។
ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្តបានពិនិត្យឃើញថា សំណង់មួយចំនួន នៃស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពិតជាបានសាងសង់លយមកលើដីចំណីផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពក្រុងពិតប្រាកដមែន។
លោក ខូយ រីដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តលើកទឹកចិត្តរាល់ការវិនិយោគ និងការរកស៊ីទទួលទានក្នុងខេត្ត ប៉ុន្តែរាល់ការសាងសង់ទាំងអស់ ត្រូវតែគោរពតាមច្បាប់ភូមិបាល និងច្បាប់សំណង់ជាដាច់ខាត។ យើងមិនអាចបណ្តោយឱ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ មកសាងសង់រំលោភលើទ្រព្យសម្បត្តិរដ្ឋ ឬដីចំណីផ្លូវ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនោះឡើយ។
លោកបានបន្ថែមទៀតថា ការអនុវត្តច្បាប់ ម្ចាស់ការដ្ឋានត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីរុះរើផ្នែកដែលរំលោភបំពានចេញជាបន្ទាន់។ ប្រសិនបើមិនមានការកែសម្រួលតាមការណែនាំទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។
លោកបានដាស់តឿន សូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវតាមដានឱ្យបានដិតដល់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ឬរំលោភច្បាប់មុននឹងឈានដល់ការបង្ក្រាប។
ជាលទ្ធផល លោកអភិបាលខេត្ត បានបង្គាប់ឱ្យក្រុមការងារបច្ចេកទេស ធ្វើការវាស់វែងសារជាថ្មី និងកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់ការដ្ឋានធ្វើការកែសម្រួលសំណង់របស់ខ្លួនឱ្យស្របតាមប្លង់ប្រព័ន្ធផ្លូវថ្នល់។ ចំពោះម្ចាស់ការដ្ឋានក៏បានទទួលស្គាល់កំហុសខ្វះខាត និងសន្យាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែករក្សាសណ្តាប់ធ្នាប់ក្នុងក្រុងពោធិ៍សាត់យើងទាំងអស់គ្នា។
បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងក្រុងពោធិ៍សាត់ ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកែលម្អ និងលើកកម្ពស់សោភ័ណភាពសិក្សា នៅអនុវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ៕

















































