អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន៩គ្រួសារ នៅឃុំបួរ

23-04-2026 18:17

(បាត់ដំបង)៖ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អនុវត្តន៍តាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក ដឹកនាំដោយលោក សុង សុភក្ភ្រ័ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាស្រុកភ្នំព្រឹក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្រ្តាក់ចំនួន៩គ្រួសារដែលរងគ្រោះ កាលពីកន្លងទៅស្ថិតនៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែលលោកប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេសសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និងបានសម្ដែងនូវ ការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។

លោកប្រធាន អនុសាខាបាន បន្តទៀតថាជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោកប្រធានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយពីអនុសាខារួមមាន៖ អង្ករ២០គីឡូក្រាម, មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង ១យួរ ផងដែរ៕