Fresh Exclusive: សង្គ្រាមអ៊ីរ៉ង់៖ អាមេរិកបន្តយុទ្ធសាស្ត្រពន្យាបទឈប់បាញ់ តើមានមូលហេតុអ្វីនៅពីក្រោយ? (Video inside)
23-04-2026 18:23
(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានបន្តពន្យាពេលឈប់បាញ់ ដោយគ្មានកំណត់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ពេលនេះសំណួរមួយកំពុងកើតឡើង៖ ហេតុអ្វីបានជា វ៉ាស៊ីនតោន បន្តប្រើយុទ្ធសាស្ត្រដដែលៗនេះ ខណៈសង្គ្រាមកំពុងរុញឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ?
Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយ អំពីមូលហេតុពិតនៅពីក្រោយយុទ្ធសាស្ត្រនេះ…
ខណៈពេលដែលពិភពលោករំពឹងថា ការឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងនាំទៅរកភាពធូរស្រាលមួយ ឬអាចឈានទៅរកសន្តិភាពនោះ ការពន្យាពេលឈប់បាញ់ ម្តងហើយម្តងទៀត ហាក់ដូចមិនមែនជាសញ្ញានៃការបញ្ចប់សង្គ្រាមទេ ប៉ុន្តែវាអាចជាយុទ្ធសាស្ត្រមួយរបស់សហរដ្ឋអាមេរិក ដើម្បីទិញពេលវេលា ក្នុងការគ្រប់គ្រងទាំងសមរភូមិ និងសម្ពាធនយោបាយក្នុងស្រុក។ ការបន្តពន្យាការឈប់បាញ់ដោយសហរដ្ឋអាមេរិក គឺជាវិធីសាស្ត្រដែលសហរដ្ឋអាមេរិកប្រើ ដើម្បីគ្រប់គ្រងសម្ពាធមកពីចំនួនបីទិស នយោបាយក្នុងស្រុក សេដ្ឋកិច្ចពិភពលោក និងសមរភូមិដោយផ្ទាល់ ខណៈកំពុងស្វែងរកច្រកចេញពីជម្លោះដោយមិនឱ្យបាក់មុខឡើយ។
* សម្ពាធនយោបាយក្នុងស្រុក
ការបន្តពន្យាការឈប់បាញ់ ដែលសហរដ្ឋអាមេរិកប្រកាស នៅប៉ុន្មានម៉ោងមុនឱសានវាទ១៤ថ្ងៃ ឈានមកដល់ បានបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតកណ្តាលអាណត្តិខែវិច្ឆិកា កំពុងក្លាយជាសម្ពាធនយោបាយដ៏សំខាន់មួយសម្រាប់គណបក្សសាធារណរដ្ឋដែលកាន់អំណាច។ ការស្ទង់មតិនានាបានបង្ហាញថា ការគាំទ្រចំពោះការធ្វើសង្គ្រាមអ៊ីរ៉ង់របស់ Donald Trump មានត្រឹមប្រហែល ៣០% ប៉ុណ្ណោះ ដែលជាកម្រិតទាបគួរឱ្យកត់សម្គាល់។ នេះបង្ហាញថា សង្គ្រាមមិនមែនជាឧបករណ៍បង្កើនពិន្ទុនយោបាយសម្រាប់គណបក្សសាធារណរដ្ឋទេ ប៉ុន្តែវិញទៅវិញ កំពុងក្លាយជាហានិភ័យនយោបាយ។ ដូច្នេះការពន្យាការឈប់បាញ់អាចត្រូវបានយល់ថា ជាវិធី «ទិញពេលវេលា» ដើម្បីបន្ថយសម្ពាធនយោបាយក្នុងស្រុក និងកុំឱ្យសង្គ្រាមប៉ះពាល់ដល់លទ្ធផលបោះឆ្នោតខាងមុខ។
* ច្រកHormuz ចំណុចសម្ពាធសេដ្ឋកិច្ចពិភពលោក
ដើម្បីស្តារប្រជាប្រីយភាពឡើងវិញ ក្រុមយុទ្ធនាការរបស់ Donald Trump កំពុងប្រឈមការវាយប្រហារពីគណបក្សប្រជាធិបតេយ្យ ដែលយកបញ្ហាតម្លៃប្រេង និងតម្លៃទំនិញឡើងថ្លៃ ជាភស្តុតាងបង្ហាញពីភាពខ្សោយសេដ្ឋកិច្ច។ ក្នុងបរិបទនេះ ច្រក Hormuz ក្លាយជាចំណុចសម្ពាធសំខាន់លើសេដ្ឋកិច្ចពិភពលោក។ ភាពតានតឹងនៅតំបន់នេះ រួមមានការចាប់កប៉ាល់ និងសកម្មភាពសងសឹករវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជំរុញឱ្យតម្លៃប្រេងឆៅសកលកើនឡើង និងប៉ះពាល់ដល់ទីផ្សារទំនិញ។
បើទោះបីសហរដ្ឋអាមេរិកព្យាយាមប្រើយុទ្ធសាស្ត្របិទខ្ទប់ ដើម្បីបង្កសម្ពាធលើអ៊ីរ៉ង់ ក៏ដោយ ការរំខានដល់ច្រក Hormuz អាចបង្កគ្រោះថ្នាក់ធំលើសេដ្ឋកិច្ចពិភពលោក ដែលនៅចុងក្រោយ វានឹងប៉ះពាល់ត្រឡប់ទៅលើសេដ្ឋកិច្ចក្នុងស្រុកអាមេរិក និងលទ្ធផលនយោបាយរបស់ខ្លួន។ ដូច្នេះ សហរដ្ឋអាមេរិកមិនអាចប្រញាប់សម្រេចជោគជ័យយោធាលើអ៊ីរ៉ង់បានឡើយ ព្រោះការធ្វើដូច្នេះ អាចបង្កឱ្យទីផ្សារប្រេងរងការខូចខាតធ្ងន់ធ្ងរ។ ក្នុងន័យនេះ ការបន្តពន្យាការឈប់បាញ់ គឺជាវិធីគ្រប់គ្រងហានិភ័យសេដ្ឋកិច្ច និងនយោបាយក្នុងពេលតែមួយ។
* សង្គ្រាមពាក្យសម្តី តើអ៊ីរ៉ង់បែកបាក់ឬរួបរួម?
ក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម លោក Donald Trump បានអះអាងថា អ៊ីរ៉ង់ពិតជាមិនចង់បិទច្រក Hormuz នោះទេ ព្រោះការបើកច្រកនោះ វាអាចផ្តល់ចំណូលប្រចាំថ្ងៃរាប់រយលានដុល្លារ។ តាមការបកស្រាយរបស់លោក ការបិទច្រកនេះគ្រាន់តែជាសកម្មភាព «រក្សាមុខមាត់» បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្កសម្ពាធយ៉ាងខ្លាំងដាក់លើអ៊ីរ៉ង់។ នៅជាមួយគ្នានេះលោក ត្រាំ នៅបានអះអាងថា អ៊ីរ៉ង់កំពុងប្រឈមការបែកបាក់ផ្ទៃក្នុង ហើយលោកថា វាមិនច្បាស់ថា តើអ្នកណាជាអ្នកសម្រេចគោលនយោបាយចុងក្រោយឡើយ។
ប៉ុន្តែសេចក្តីរាយការណ៍ពី Al Jazeera ដែលស្ថិតនៅក្រុងតេហេរ៉ង់ បង្ហាញរូបភាពផ្ទុយគ្នា។ ទោះបីជាមេដឹកនាំកំពូល និងមន្ត្រីសំខាន់មួយចំនួន ត្រូវបានវាយប្រហារក៏ដោយ ប្រព័ន្ធបញ្ជាការ នៅតែដំណើរការយ៉ាងរលូន ហើយការរួបរួមផ្ទៃក្នុងវិញ ហាក់កាន់តែរឹងមាំក្នុងការប្រឆាំងសម្ពាធពីខាងក្រៅ។ ក្នុងបរិបទនេះ ការអះអាងអំពី «ការបែកបាក់ផ្ទៃក្នុង» អាចត្រូវបានមើលថា ជាផ្នែកមួយនៃសង្គ្រាមព័ត៌មានដែលមានគោលបំណងបង្កើតសម្ពាធផ្លូវចិត្ត និងបំប្លែងការយល់ឃើញនូវទស្សនៈសាធារណៈ។ ដូច្នេះ ការបន្តពន្យាការឈប់បាញ់ ក៏អាចជាវិធីមួយក្នុងការរង់ចាំឱកាសឱ្យស្ថានការណ៍ផ្លាស់ប្តូរ ឬឱ្យសង្គ្រាមព័ត៌មានមួយ មានឥទ្ធិពលលើប្រជាជនអ៊ីរ៉ង់សិន មុននឹងឈានទៅរកសេចក្តីសម្រេចចុងក្រោយមួយ។
* តើអាមេរិកពិតជាចង់បញ្ចប់សង្គ្រាម ជាងអ៊ីរ៉ង់មែនដែរឬទេ?
ខណៈដែលការបោះឆ្នោតកណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ខិតជិតមកដល់ក្នុងរយៈពេលប្រមាណជាង៦ខែខាងមុខ, លោក Donald Trump កំពុងរៀបចំយុទ្ធនាការដើម្បីស្តារប្រជាប្រីយភាពឡើងវិញ។ ក្រុមអ្នកវិភាគនយោបាយជាច្រើនវាយតម្លៃថា លោកមានបំណងស្វែងរកច្រកចេញពីសង្គ្រាមអ៊ីរ៉ង់ ជាងការបន្តវាយប្រហារយូរអង្វែង។ ក្នុងន័យនេះ ការពន្យាការឈប់បាញ់ អាចត្រូវបានមើលថា ជាយុទ្ធសាស្ត្រដើម្បី «ទិញពេលវេលា» និងបន្ថយហានិភ័យនយោបាយ ខណៈពេលរក្សាមុខមាត់ជាសាធារណៈ តាមរយៈការប្រើប្រាស់ហេតុផលផ្សេងៗ ដូចជាការអះអាងអំពីភាពបែកបាក់ផ្ទៃក្នុងរបស់អ៊ីរ៉ង់។
អ្នកវិភាគក៏បញ្ជាក់ដែរថា សង្គ្រាមនៅពេលដែលមានសម្ពាធក្នុងស្រុកខ្លាំង អាចបង្កផលប៉ះពាល់អវិជ្ជមានដល់លទ្ធផលបោះឆ្នោត។ ខណៈនេះ ការស្ទង់មតិបង្ហាញថា ការគាំទ្រសង្គ្រាមអ៊ីរ៉ង់នៅសហរដ្ឋអាមេរិក មានត្រឹមប្រហែល៣០% ប៉ុណ្ណោះ ដែលជាសញ្ញាបង្ហាញពីការខ្សោយនៃមូលដ្ឋានគាំទ្រនយោបាយ។ ទន្ទឹមនឹងនេះ ការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអាមេរិក ក៏មិនទាន់បង្ហាញច្បាស់ពីយុទ្ធសាស្ត្រចាកចេញណាមួយឡើយ ដោយសារសេចក្តីសម្រេចចុងក្រោយនៅតែអាស្រ័យលើលោកត្រាំតែម្នាក់ជាដដែល។
ចំណែកអ៊ីរ៉ង់វិញ កំពុងប្រើច្រក Hormuz ជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រសំខាន់។ តេហេរ៉ង់បានបញ្ជាក់ថា ច្រកនេះនឹងបើកឡើងវិញ លុះត្រាតែសហរដ្ឋអាមេរិកដកការរាំងខ្ទប់ចេញ បើពុំដូច្នោះទេ សកម្មភាពដាក់សម្ពាធ រួមទាំងការចាប់កប៉ាល់ និងការគំរាមបិទច្រក នឹងនៅតែបន្ត។ សញ្ញាទាំងនេះបង្ហាញថា សម្រាប់សហរដ្ឋអាមេរិក ការបន្តសង្គ្រាមយូរអង្វែង ត្រូវចំណាយថ្លៃដើមនយោបាយ និងសេដ្ឋកិច្ចខ្ពស់ថែមទៀត ខណៈអ៊ីរ៉ង់ អាចទទួលបានអត្ថប្រយោជន៍យុទ្ធសាស្ត្រពីការរក្សាសម្ពាធជាបន្តបន្ទាប់ ដោយមិនចាំបាច់ឈ្នះសង្គ្រាមដោយផ្ទាល់ឡើយ។
ក្នុងន័យនេះ សហរដ្ឋអាមេរិកហាក់មានហេតុផលខ្លាំងជាង ក្នុងការស្វែងរកចុងបញ្ចប់នៃសង្គ្រាម ប៉ុន្តែមិនមែនជាការបញ្ចប់ដោយការចាញ់ទេ ប៉ុន្តែជាការបញ្ចប់ដែលអាចគ្រប់គ្រងមុខមាត់ និងឥទ្ធិពលនយោបាយរបស់ខ្លួនបាន។ ដូច្នេះសំណួរស្នូលមិនមែនថា «អ្នកណាចង់សន្តិភាពជាងអ្នកណា» ទេ ប៉ុន្តែគឺ «អ្នកណាអាចបញ្ចប់សង្គ្រាមដោយមិនចាញ់?»។ ក្នុងបរិបទនេះទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សុទ្ធតែកំពុងស្វែងរកចម្លើយដូចគ្នា ប៉ុន្តែតាមយុទ្ធសាស្ត្រផ្សេងៗពីគ្នា។
នៅចុងក្រោយនេះ ការបន្តពន្យាការឈប់បាញ់ មិនមែនជាសញ្ញានៃសន្តិភាពទេ ប៉ុន្តែជាសញ្ញានៃសង្គ្រាមមួយ ដែលកំពុងត្រូវបានគ្រប់គ្រងតាមយុទ្ធសាស្ត្រច្រើនស្រទាប់ ចាប់ពីសមរភូមិយោធា ទៅដល់ទីផ្សារប្រេង និងប្រអប់បោះឆ្នោតក្នុងស្រុកសហរដ្ឋអាមេរិក។
សម្រាប់ Donald Trump ការស្វែងរក «ច្រកចេញ» មិនមែនជាជម្រើសទេ ប៉ុន្តែជាការចាំបាច់ ដើម្បីរក្សាតុល្យភាពរវាងការមិនចាញ់សង្គ្រាម និងការមិនចាញ់ការបោះឆ្នោត។ ខណៈអ៊ីរ៉ង់វិញ កំពុងបន្តប្រើសម្ពាធយុទ្ធសាស្ត្រ ដើម្បីបង្ហាញថា ខ្លួនមិនងាយចាញ់ និង អាចបន្តការប្រកួតបានយូរជាងគេ។ ដូច្នេះ សង្គ្រាមនេះ មិនមែនកំពុងឈានទៅរកចុងបញ្ចប់ទេ ប៉ុន្តែកំពុងឈានទៅរកដំណាក់កាលថ្មី ដំណាក់កាលដែល «អ្នកឈ្នះ» មិនត្រូវបានកំណត់ដោយកម្លាំងយោធាទេ ប៉ុន្តែដោយសមត្ថភាពក្នុងការបញ្ចប់ជម្លោះ ដោយមិនបាត់បង់អំណាច និងមុខមាត់នយោបាយ។ ហើយសំណួរដែលនៅតែបន្តលើតុ គឺមិនមែនថា «តើសង្គ្រាមនេះនឹងបញ្ចប់ពេលណា» ទេ ប៉ុន្តែគឺថា «តើនរណាអាចបញ្ចប់វា ដោយមិនចាញ់?»៕










