សេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជា៖ ការអំពាវនាវរកសន្តិភាព ការវិនិយោគ និងសកម្មភាពអាកាសធាតុ ដើម្បីការពារសន្តិសុខស្បៀងក្នុងតំបន់

23-04-2026 19:43

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជា ក្នុងការអំពាវនាវរកសន្តិភាព ការវិនិយោគ និងសកម្មភាពអាកាសធាតុ ដើម្បីការពារសន្តិសុខស្បៀងក្នុងតំបន់។

ការលើកឡើងនេះ នៅក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៣៨ របស់អង្គការFAO (APRC38) ដែលជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតក្នុងតំបន់ស្តីពីស្បៀងអាហារ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវឱ្យមានការគាំទ្រជាបន្ទាន់ដល់កសិករ ដែលកំពុងប្រឈមនឹងការឡើងថ្លៃនៃធាតុចូលកសិកម្ម ការបង្កើនការវិនិយោគតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងការជំរុញសកម្មភាពឱ្យកាន់តែខ្លាំងក្លាដើម្បីពង្រឹងវិស័យជលផលទឹកសាប និងវារីវប្បកម្មប្រកបដោយនិរន្តរភាព។

កម្ពុជាបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីកសាងប្រព័ន្ធស្បៀងកសិកម្មដែលមានភាពធន់ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ២០៣០៕