មូលនិធិសកល បញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លងនៅកម្ពុជា
23-04-2026 19:58
(ភ្នំពេញ)៖ លោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល(Global Fund Country Team) បញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍នៅកម្ពុជា។
ការបញ្ជាក់ជំហរបែបនេះរបស់លោកស្រី ក្នុងឳកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
លោកស្រី Sylwia Murray ក៏បានថ្លែងអបអរសាទរក្រសួងសុខាភិបាល ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រសួងសម្រេចបានស្របតាមផែនការ និងគោលដៅដែលបានគ្រោងទុកសម្រាប់គម្រោងនីមួយៗ។ មូលនិធិសកល បានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីលុបបំបាត់ជំងឺឆ្លងទាំង៣ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ជាពិសេស គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។
លោកស្រីប្រធានបានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយ ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ (HSP4) ព្រមទាំងសហការបន្ថែមទៀត តាមរយៈការបន្តគាំទ្រ ការៀបចំកិច្ចសន្ទនាកម្រិតប្រទេស សម្រាប់រៀបចំស្នើគម្រោងជំនួយរបស់មូលនិធិសកលជុំទី៨ ឆ្នាំ២០២៧-២០២៩។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។
ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត និងជំនួយដែលត្រូវបានកាត់បន្ថយបន្តិចម្តងៗ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់មូលនិធិសកល បន្តសហការជាមួយក្រុមការងារដឹកនាំគម្រោងមូលនិធិសកលក្រសួងសុខាភិបាល រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត រួមជាមួយនឹងជំនាញបច្ចេកទេសថ្មីៗ ជម្រុញប្រសិទ្ធភាពគម្រោង ធានានិរន្តរភាពកម្មវិធី សំដៅសម្រេចបានលទ្ធផល និងគោលដៅតាមការគ្រោងទុក។
សូមជម្រាបថាក្នុងជំនួបនេះ បានពិនិត្យនិងពិភាក្សាលើផែនការធានានិរន្តរភាព និងផែនការអន្តរកាល នៃកម្មវិធីជាតិទាំង៣ ក្នុងបរិបទដែលពិភពលោកកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាម ស្របពេលដែលជំនួយពីខាងក្រៅមានការកាត់បន្ថយ ព្រមទាំងការរួមបញ្ចូលកិច្ចអន្តរាគមន៍សំខាន់ៗ និងចាំបាច់នានារបស់កម្មវិធីជាតិទាំង៣ ទៅក្នុងការថែទាំសុខភាពបឋម។
ក្នុងនាមក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញកិច្ចខិតខំទ្វេរដងបន្ថែមទៀត ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត ស្របពេលដែលជំនួយពីខាងក្រៅកំពុងត្រូវបានកាត់បន្ថយ ព្យាយាមគ្រប់លទ្ធភាពក្នុងការធានានិរន្តរភាព នៃកម្មវិធីជាតិទាំង៣ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានរំលេចនូវផែនការយុទ្ធសាស្ត្ររឹងមាំសំខាន់បំផុតមួយ ដែលបានចាប់ផ្តើមអនុវត្តចាប់ពីដើមអណត្តិនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការពង្រឹងការថែទាំសុខភាពបឋម៕
















